ខេត្តស្វាយរៀង ៖ កម្មករក្រុមហ៊ុនខ្សែកាបម៉េតហ្វូនម្នាក់ឡើង រាយខ្សែតាមបង្គោលភ្លើងត្រង់ខាងមុខវិទ្យាល័យ ហ៊ុន សែន កំពង់រោទ៌ ខេត្តស្វាយរៀង ដោយខ្វះការប្រុងប្រយ័ត្នត្រូវចរន្តអគ្គិសនីឆក់ស្លាប់ជាប់នៅលើបង្គោលភ្លើងវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិរោទ៍ ឃុំញរ ស្រុកកំពង់រោទ៍។
បើយោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យនគរវត្តដឹងថា បុរសត្រូវខ្សែភ្លើងឆក់នោះមានឈ្មោះ ឈន ឆាយ អាយុ២៥ឆ្នាំមុខរបរកម្មករតខ្សែកាប រស់នៅភូមិសំបួរ ស្រុកមេសាង ខេត្តព្រៃវែង ។
ប្រភពពីប្រជាពលរដ្ឋបានឃើញហេតុការណ៍បានឲ្យដឹងថាមុនកើតហេតុគេឃើញ មានកម្មករក្រុមហ៊ុនខ្សែកាបម៉េតហ្វូនមួយក្រុមបានដើរតបណ្តាញខ្សែកាបដើររាយខ្សែតាមបង្គោលភ្លើងអគ្គិសនី នៅភូមិឃុំកើតហេតុខាងលើប្រមាណជាកន្លះម៉ោង ក៏មានការភ្ញាក់ផ្អើលដល់អ្នកស្រុក និងអ្នកធ្វើដំណើរតាមដងផ្លូវចោមរោមមើល និងរាយករណ៍មកសមត្ថកិច្ច និងអាជ្ញាធរអគ្គិសនីស្រុកកំពង់រោទ៍បិទភ្លើង ខណៈមានបុរសម្នាក់ឆក់ស្លាប់លើបង្គោលភ្លើង។
ប្រជាពលរដ្ឋរិះគន់លើ ក្រុមការងារតបណ្តាញខ្សែកាបនេះខ្វះបច្ចេកទេស ហើយប្រើមនុស្សឲ្យឡើងរាយខ្សែកាបតាមបង្គោលភ្លើងដោយមិនបានបិទបារ៉ែតភ្លើងឡើយ។
បន្ទាប់ពីពិនិត្យសាកសពរួចសមត្ថកិច្ចនគរបាលបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន