ខេត្តកណ្តាល ៖ ប្រធានក្រុុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តកណ្តាល លោក សាយ សម្ផស្សសេរី នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នេះ ប្រកាសសាលក្រមឱ្យជនជាប់ចោទម្នាក់រួចផុតពីបទចោទប្រកាន់ និង ផ្តន្ទាទោសជនជាប់ចោទម្នាក់ទៀត ដាក់ពន្ធនាគារបីឆ្នាំ ដែលជាកម្រិតអប្បបរមា ឬ ទាបបំផុត ។
ជនជាប់ចោទទាំងពីរនាក់ ត្រូវបានចោទប្រកាន់ពីបទ”លួចមានស្ថានទម្ងន់ទោសដោយសារការប្រពឹត្តហិង្សា”ប្រព្រឹត្តនៅចំណុចភូមិពោធិ៍រាម្មា ឃុំព្រែកស្តី ស្រុកកោះធំ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ តាមមាត្រា៣៥៣និងមាត្រា៣៥៧នៃក្រមព្រហ្មទណ្ឌ ។
បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៣ឆ្នាំទៅ១០ឆ្នាំ ។
មន្ត្រីតុលាការ ថ្លែងថា ជនជាប់ចោទឈ្មោះ ហាន ហៃ អាយុ១៧ឆ្នាំ ត្រូវបានតុលាការលើកលែងការចោទប្រកាន់ ។ ចំណែកឈ្មោះ តេង គាន អាយុ២១ឆ្នាំ ត្រូវបានផ្តន្ទាទោសបីឆ្នាំ ។
មន្ត្រីតុលាការ ដដែលបន្តថា មូលហេតុនៃការលើកលែងការចោទប្រកាន់នេះ ដោយសារជនជាប់ចោទឈ្មោះ ហាន ហៃ ពុំមានការជាប់ពាក់ព័ន្ធ និង ដោយសារព្យសកម្មនៃបទល្មើសមានទំហំតិចតួច ទើបផ្តន្ទាទោសត្រឹមកម្រិតទាបបែបនេះ ៕ ឆ ដា