ភ្នំពេញ៖ ការប្រកាសវត្តមានរបស់កូនប្រុសទាំងបីរបស់តារាចម្រៀងព្រាប សុវត្ថិក្នុងផលិតកម្មហង្សមាស បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង រួចមកហើយកាលពីដើមសប្តាហ៍នេះ។ កាន់តែធ្វើឲ្យភ្ញាក់ផ្អើលក្រោយពីបទចម្រៀងដំបូងចេញមិនបានប៉ុន្មានថ្ងៃផងស្រាប់តែបទចម្រៀងមួយបទផ្ទុះការគាំទ្ររហូតមានអ្នកចូលទស្សនាបានជាង១លាន់ដង។
ផលិតកម្មហង្សមាស បានធ្វើសន្និសីទផ្លូវការមួយបង្ហាញពីសមាសភាពកូនប្រុសទាំងបីដួងរបស់លោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ ដែលបានក្លាយជាតារាចម្រៀងពន្លកថ្មីពេញសិទ្ធិនៅក្នុងផលិតកម្មនេះ។បទ «កែវភ្នែក» ដែលជាបទដំបូងរបស់បងប្អូនទាំង ៣ មានសាច់ភ្លេងពិរោះ វីដេអូត្រជាក់ភ្នែក រួមជាមួយសម្លេងមានទឹកដម ទទួលបានការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំងពីមហាជន ទទួលបានការចុចចូលទស្សនាដល់ទៅ ១លានដងឯណោះ។ឆ្លើយតបនឹងការគាំទ្រនេះ កម្លោះសង្ហារ សុវត្ថិ មុន្នីវណ្ណ ជាកូនប្រុសច្បងបានសម្ដែងក្ដីរីករាយជាខ្លាំង ព្រមទាំងបង្ហោះសារអរគុណថា៖ «ជាដំបូង ខ្ញុំបាទ សុំលើកម្រាមដៃដប់ អរគុណដល់ពូមីង អ៊ុំប្រុស អ៊ុំស្រី ដែលតែងតែ ស្រលាញ់ និង គាំទ្រមកលើពួកខ្ញុំទាំងបី ហើយក៏ អរគុណសម្រាប់ ការចូលមើល 1,000,000 views on Youtube » ។
ក្រោយជោគជ័យខ្លាំងនេះក៏បានធ្វើឲ្យផលិតកម្មពេញចិត្តជាខ្លាំងផងដែរគ្រាដែលពួកគេនឹងបន្តចេញបទចម្រៀងថ្មីៗជាច្រើនទៀតនៅពេលខាងមុខ ប៉ុន្តែគេនៅមិនទាន់អាចសន្និដ្ឋានបានអំពីអនាគតរបស់ពួកគេនៅក្នុងផលិតកម្មនេះថានឹងទាញប្រជាប្រិយភាពខ្ពស់ដូចតារារួមដំបូលផ្សេងទៀតបានកម្រិតណាដែរ។ ប៉ុន្តែកន្លងមកតំណាងផលិតកម្មហង្សមាសបានលើកឡើងថា ពួកគេទាំងបី សុទ្ធតែមានសមត្ថភាព មានទេពកោសល្យស្រាប់ ដែលផលិតកម្មបានសម្លឹងឃើញយូរមកហើយ ហើយទាំងខាងផលិតកម្មក៏ដូចជា តារាចម្រៀងថ្មីទាំង៣ នឹងព្យាយាមរកអ្វីដែល ថ្មី ប្លែក ដើម្បីកំដរបរិយាសដល់អ្នកគាំទ្រទាំងអស់គ្នា និងអភិវឌ្ឍខ្លួនឲ្យក្លាយជាអនាគត Super Star ដូចលោកឪពុកគេផងដែរ”៕
ដោយ វឌ្ឍនា