ភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន ពីបទប៉ុនប៉ងឃាតកម្ម នឹងបញ្ជូនខ្លួនទៅតុលាការផ្តន្ទាទោសតាមច្បាប់។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ចំណុចមុខផ្ទះលេខ២០ ផ្លូវ១៤CC ក្រុមទី៦ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ យឹម ផល្លា ភេទស្រី អាយុ៣០ឆ្នាំ ទីលំនៅផ្ទះលេខ២០ ផ្លូវ១៤CC ក្រុមទី ០៦ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
មន្រ្តីនគរបាល បន្តថា ការចាប់ខ្លួននេះ គឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៩០០«ន» ដ.ច.ន ចុះថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ចេញដោយលោក ប៊ុន ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទប៉ុនប៉ងឃាតកម្ម ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីចុងឆ្នាំ ២០១៦។
បច្ចុប្បន្នស្ត្រីរូបនេះ កម្លាំងការិយាល័យបានបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕ចេស្តា
...