ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋប្រមាណជិត៣ពាន់នាក់ រស់នៅឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានទទួលការព្យាបាលជំងឺ និងទទួលបានថ្នាំពេទ្យដោយឥតគិតថ្លែ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ ។
លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត តំណាងអោយលោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ការងារមនុស្សធម៌នេះមានការចូលរួមសហការពី លោក អ៊ុក កោសា អនុប្រធានទី១ ថ្នាក់កណ្តាលចុះជួយស្រុកឧដុង្គ លោក វង្ស សាម៉ន អនុរដ្ឋលេខាធិការក្រសួងផែនការ សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឧដុង្គ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំមានជ័យ លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ លោក អោ វណ្ណថេង ប្រធានមន្ទីរខេត្តកំពង់ស្ពឺ លោក ងួន វាសនា អភិបាលស្រុកឧដុង្គ លោកសាស្ត្រាចារ្យ នាង បូ ប្រធានសាខាសកម្មជន ក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ និងលោក Peang Pharoth ប្រធានក្រុមហ៊ុនទឹកសុទ្ធអូរសិលា រួមនឹងសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
លោកបញ្ជាក់ជូនថា ចំពោះជំងឺដែលត្រូវពិនិត្យរួមមាន វះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ…។ល។
សូមបញ្ជាក់ថារយៈពេល៦១ខែ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២,២៧១នាក់ ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៣៥លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន២៦៤,៣៣៩នាក់៕