ប្រសាសន៍សំខាន់ៗរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ ខភម និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពិធីបញ្ចុះបឋមសិលាអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ ខភម និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលបានប្រព្រឹត្តនៅថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨

លោក នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា កងរាជអាវុធហត្ថនៅគ្រប់បណ្តាអង្គភាព គ្រប់ថ្នាក់ បញ្ជាការដ្ឋាននិងមូលដ្ឋានកងរាជអាវុធហត្ថទូទាំងប្រទេស ពិសេសមេបញ្ជាការ គឺមានកិច្ចការងារ៥ដែលត្រូវធ្វើ៖
ទី១_ការដឹកនាំ គ្រប់គ្រង បញ្ជាកម្លាំងក្រោមឱវាទ ដើម្បីរួមចំណែកជាមួយកម្លាំងមានសមត្ថកិច្ច អាជ្ញាធរ ហើយជាប្រចាំជាមួយនគរបាលជាតិ ក្នុងការថែរក្សា ការពារស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ក្រាបបទល្មើស ពង្រឹងការអនុវត្តច្បាប់ និងជួយប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗកើតឡើងជាយថាហេតុ។
ទី២_ដឹកនាំកងទ័ព ធ្វើការអប់រំ ហ្វឹកហ្វឺន ជាពិសេសអប់រំឱ្យកងទ័ពមានអត្តចរិតល្អ គោរពក្រមសីលធម៌វិជ្ជាជីវៈ ក្តាប់ជាប់នូវតួនាទី ភារកិច្ច បែងចែកឱ្យច្បាស់មិត្តនិងសត្រូវ មានស្មារតីបម្រើជាតិ បម្រើប្រជាជន ដោយទឹកចិត្តបរិសុទ្ធ ជាមួយនឹងសេចក្តីស្មោះត្រង់ ភក្តីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ អប់រំហ្វឹកហ្វឺនកងទ័ពឱ្យមានសេចក្តីក្លាហាន ហ៊ានលះបង់គ្រប់បែបយ៉ាង ទាំងអាយុជីវិត ដើម្បីជាតិ មាតុភូមិ និងធ្វើឱ្យកងទ័ពមានសមត្ថភាពចេះ ប្រើប្រាស់មធ្យោបាយ គ្រឿងបំពាក់ ព្រមទាំងមានរបៀបរបបធ្វើការ ប្រកបដោយភាពឈ្លាតវៃ។
ទី៣_ការកសាងអង្គភាពក្នុងនោះមានការកសាងហេដ្ឋារចនាសម្ពន្ធ ដែលថ្ងៃនេះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បាននិងកំពុងរៀបចំប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋាន យើងខ្ញុំឆ្លៀតយកឱកាសនេះ សូមថ្លែងនូវការកោតសរសើរវាយតម្លៃខ្ពស៉ជាមួយនឹងការលើកទឹកចិត្ត លោក មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាយអាវុធហត្ថទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង ដែលបានរួមគំនឹត ឯកភាពគាំទ្រ ការដឹកនាំរបស់កងរាជអាវុធហត្ថ ហើយមានលោក ឧត្តមសេនីយ៍ សាក់ សារាំង តំណាងឱ្យខ្ញុំនៅទីនេះ ដើម្បីដឹកនាំសាងសង់សំណង់នេះ។ ខ្ញុំគិតថាសំណង់នេះ នៅពេលសាងសង់រួចហើយ ក្លាយជាសំណង់មួយមិនមែនសម្រាប់តែអាវុធហត្ថធ្វើការទេ ប៉ុន្តែបានកែមុខមាត់សាលាខេត្តកំពង់ឆ្នាំងផងដែរ។ ជាពិសេសមានការទាក់ទាញដោយសារសំណង់នេះមានរចនាបទខ្មែរ ក៏ជាសំណង់ទី៣ដែរ ចំណែកឯសំណង់ទី១ អគារសេនាធិការដ្ឋាននៅខេត្តស្វាយរៀង នឹងរួចរាល់ក្នុងខែមេសាឆ្នាំនេះ។ សំណង់ទី២ អគារទីចាត់ការនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ កំពុងដំណើរការសាងសង់ និងមានអគារបន្តបន្ទាប់ទៀតតាមខេត្តសម្រាប់បញ្ជាការដ្ឋានកងរាជអាវុធហត្ថទូទាំងប្រទេស។
ទី៤_ការចិញ្ចឹមកងទ័ព ថែទាំសុខភាព ព្យាបាលជូនអាវុធហត្ថក្រោមឱវាទ ថែទាំមធ្យោបាយគ្រឿងបំពាក់ គ្រប់គ្រងគត់មត់អចនទ្រព្យ ជាពិសេសដីធ្លីរបស់អង្គភាពជាទ្រព្យសម្បត្តិរដ្ឋ និងការស្លៀកពាក់ស្អាត ការស្នាក់នៅ បើអាចធ្វើទៅបានកាន់តែល្អ គឺការជួយដល់គ្រួសារអាវុធហត្ថដែលជួបការលំបាក។ ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងនូវអំណរគុណដល់ក្រុមការងារមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ដែលយើងចាប់ផ្តើមធ្វើតាំងពីខែមេសា ឆ្នាំ២០១៧ សូមអរគុណដល់នាយអាវុធហត្ថទាំងអស់ដែលមានសប្បុរធម៌បរិចាគថវិកាចូលបុណ្យសពតាមសទ្ធារបស់ខ្លួន រួមចំណែកជួយដោះស្រាយទុក្ខលំបាកដល់គ្រួសារសព។

សូមជម្រាបជូនអង្គពិធីផងដែរ កងរាជអាវុធហត្ថបានបង្កើតវប្បធម៌មួយ គឺយើងបានបង្កើតគ្រុប Whatsappមួយ ទទួលបច្ច័យតាមរយៈគ្រុប Whatsappនេះ នៅពេលដែលមានអ្នកស្លាប់ ជានាយ នាយរងអាវុធហត្ថ យើងបានផ្សព្វផ្សាយក្នុងគ្រុបនោះ អ្នកដែលមានសទ្ធាគាត់ចូលបុណ្យតាមលទ្ធភាពរបស់គាត់។ សពមួយ យើងប្រមូលបច្ច័យបានចាប់ពីជាង៣០លានរៀល ទៅ៥០លានរៀល ខ្ញុំមោទនភាពដែលបានដឹកនាំការងារនេះ ហើយមោទនភាពជាទីបំផុតនោះគឹមានការចូលរួមពីសំណាក់នាយ នាយរងអាវុធហត្ថទាំងមូលក្នុងការធ្វើបុណ្យនេះ ហើយខ្ញុំបានប្រកាសរួចហើយ ក្នុងនាមជាមេបញ្ជាការ កងរាជអាវុធហត្ថ ខ្ញុំចូលបុណ្យ៥លានរៀលសម្រាប់សពមួយ។
ទី៥_ត្រូវដឹកនាំកងទ័ពឱ្យសមនឹងទិសស្លោក “កងទ័ពគឺជាកូនចៅរបស់ប្រជាជន” នៅទីណាត្រូវបានប្រជាជននៅទីនោះស្រលាញ់ គាំទ្រទុកចិត្ត ដូច្នេះត្រូវកសាងទំនាក់ទំនងល្អជាមួយមហាជន ប្រជាជន ទំនាក់ទំនងល្អ សហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងជាមួយកងកម្លាំងគ្រប់ប្រភេទ ដើម្បីសម្រេចនូវភារកិច្ច គឺធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ សង្គមជាតិ បើមានបទល្មើសកើតឡើងត្រូវបង្ក្រាបឱ្យបាន។

ដូចការរៀបរាប់ខាងលើ ជាកិច្ចការងារទាំង៥របស់កងរាជអាវុធហត្ថដែលត្រូវយកចិត្តទុកដាក់ជាសំខាន់។ ថ្ងៃនេះ លោក មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើកិច្ចការងារមួយក្នុងចំណោមកិច្ចការងារ៥ គឺការកសាងអគារធ្វើការនេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print