ភ្នំពេញ៖ បើមិនមានការប្រែប្រួលទេតារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ កញ្ញាឃីន ស្រីនាថហៅ អ៊ីវ៉ា នឹងបង្ហាញវត្តមានក្នុងផលិតកម្មហង្សមាសក្នុងពេលដ៏ខ្លីខាងមុខនេះ។ ការបង្ហាញវត្តមានរបស់នាងនឹងត្រូវធ្វើឡើងក្រោយពីការប្រកាសចេញមុខរបស់កូនប្រុសលោកព្រាប សុវត្ថិកាលពីថ្មីៗនេះ។
អ៊ីវ៉ា បានបញ្ចប់កុងត្រាជាមួយផលិតកម្មសាន់ដេកាលពីខែតុលាឆ្នាំ២០១៧មកម្ល៉េះ ប៉ុន្តែនាងនៅមិនទាន់បន្តនៅឡើយខណៈដែលកន្លងមកនាងទទួលស្គាល់ថា ហង្សមាសពិតជាធ្លាប់ទាក់ទងនាងឲ្យចូលច្រៀងក្នុងផលិតកម្មនេះពិតមែន។ ប្រភពពីអ្នកសិល្បៈជិតដិតនាងបានលើកឡើងថា អ៊ីវ៉ាបានជ្រើសរើសផលិតកម្មហង្សមាស រួចហើយដោយរួមទាំងមានបទចម្រៀងថ្មីរួចរាល់ហើយដែរ។ ប្រភពលើកឡើងថា នាងចុះកិច្ចសន្យាថ្មីជាមួយហង្សមាស ក្រោយបិទមិនទទួលយកការចចាររបស់ផលិតកម្មថោន។ មានការលើកឡើងដែរថា នាងសំឡឹងមើលទីផ្សារនៅហង្សមាសហាក់ធំ និងមានឱកាសច្រើនក្នុងការស្រូបយកប្រជាប្រិយភាព។ នាងនឹងបង្ហាញវត្តមានបទចម្រៀងនៅលើទីផ្សារក្រោយពីវត្តមានតារាចម្រៀង ខេមរៈ សិរីមន្ត ។ ការមិនបញ្ចេញបទចម្រៀងថ្មីក្នុងផលិតកម្មចាស់ក៏បញ្ជាក់បានថានាងពិតជាជ្រកក្រោមដំបូលផលិតកម្មថ្មី ហើយបទថ្មីរបស់នាងជាលើកដំបូងនឹងសម្រិតសម្រាំងជាពិសេសផងដែរ។
ប្រភពបន្តថានាងពិតជាពិបាកសម្រេចចិត្តក្នុងការជ្រើសរើសទ្រនំថ្មី ព្រោះតែផលិតកម្មចាស់ជាអ្នកផ្តល់កំណើតហើយផលិតកម្មថ្មីធំពីរសុទ្ធតែផ្តល់អាទិភាពឲ្យនាងខ្ពស់។ មានការលើកឡើងដែរថា អ្វីដែលធ្វើឲ្យ អ៊ី វ៉ា ជ្រើសរើសយកផលិតកម្មហង្សមាសព្រោះតែផលិតកម្មនេះក៏នឹងផ្តល់ឱកាសសម្រាប់នាងច្រើនដូច តារាចម្រៀង សុខ ស្រីនាងដែលបានទាំងបទចម្រៀងល្អ និងឱកាសថតភាពយន្តនោះ។ ប៉ុន្តែអ្វីដែលនាងប្រឈមគឺនឹងត្រូវប៉ះជើងខ្លាំងជាច្រើនក្រោមដំបូលផលិតកម្មហង្សមាស មានទាំង សុគន្ធ នីសា ឱក សុគន្ធកញ្ញា និងតារាជើងចាស់ ពេជ្រ សោភា ជាដើម៕
ដោយ វឌ្ឍនា