បណ្តាញទូរទស្សន៍ចិនបានផ្សាយថា៖ នាវាដឹកប្រេង Sanchi របស់អុីរ៉ង់ ដែលបុកនិងនាវាដឹកទំនិញ Crystal នៅជិតកំពុងផែទីក្រុងសៀងហៃប្រទេសចិន កាលពីសប្តាហ៍កន្លងមកពេលនេះបានលិចចូលបាតសមុទ្រហើយ។
អ្នកនាំពាក្យកម្លាំងជួយសង្គ្រោះអុីរ៉ង់បានបញ្ជាក់ថា៖ គ្មានសង្ឃឹម រកឃើញនាវឹកនៅរស់ក្នុងចំណោមនាវឹកទាំង៣២នាក់ មានវត្តមាននៅលើនាវាដឹកប្រេង Sanchi ។
ប្រភពព័ត៌មានពី សមាជិកនាវឹក នៅលើនាវាដឹកទំនិញ Crystal បានបញ្ជាក់ថា ៖នាវឹកទាំងអស់នៅលើនាវាដឹកប្រេងអុីរ៉ង់បានស្លាប់ តាំងពីពេលដំបូងដែលជួបគ្រោះថ្នាក់ដោយសារតែការផ្ទុះយ៉ាងខ្លាំង។
បើទោះបីខិតខំអស់ពីសមត្ថភាព ប៉ុន្តែក្រុមជួយសង្គ្រោះមិនអាចពន្លត់ភ្លើងដែលកំពុងឆេះនៅលើនាវាដឹកប្រេងនោះឡើយដើម្បីបញ្ជូនសាកសពជនរងគ្រោះ ចេញពីនាវានោះ ដោយសារតែមានការផ្ទុះជាបន្តបន្ទាប់។នៅពេលនេះមិនទាន់មានរបាយការណ៍ស្តីពីការលេចហៀប្រេងចូលសមុទ្រនៅឡើយ ប៉ុន្តែ ការលេចនាវានោះ អាចបង្ករឲ្យមានការហៀប្រេងជាមិនខាន។
ហេតុការគ្រោះថ្នាក់កើតឡើងនៅថ្ងៃទី៦ខែមករាកន្លងមក នៅពេលដែលនាវាដឹកប្រេង ១៣៦ពាន់តោនពីអុីរ៉ង់ទៅកាន់កូរ៉េខាងត្បូង ក៏បានឆាបឆេះក្រោយពេល បុកជាមួយនាវាដឹកទំនិញ CF Crystal របស់ចិន។ នាវឹកនៅលើនាវាដឹកទំនិញរបស់ចិនត្រូវបានជួយសង្គ្រោះ ទាន់ពេលវេលាមិនបណ្តាលឲ្យរងរបួសធ្ងន់នោះឡើយ។
ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក នាវាដឹកប្រេងរបស់អុីរ៉ង់ឆាបឆេះរហូត ហើយរសាត់ចូលទៅដែនសមុទ្ររបស់ប្រទេសជប៉ុន ។ មកទល់ពេលនេះមានសាកសព៣នាក់ត្រូវបានគេរកឃើញ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើ គឺជាលើទីពីរហើយសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនអុីរ៉ង់ ក្នុងរយៈពេលជិត១ឆ្នាំកន្លះ។ កាលពីខែសីហាឆ្នាំ២០១៦ ក៏មានហេតុការ នាវាដឹកប្រេង បុកនិងនាវាដឹកទំនិញ របស់ប្រទេសស្វីសចតនៅឈូងសមុទ្រសឹង្ហបុរី បណ្តាលឲ្យនាវាទាំងពីររងការខូចខាតតែមិនបណ្តាលឲ្យ មានអ្នកស្លាប់នោះឡើយ៕
ដោយ៖ មែវ សាធី