ភ្នំពេញ ៖ ដោយសារតែសារធាតុញៀន បានធ្វើឲ្យបុរសម្នាក់ប្រើប្រាស់ហួសកម្រិតរហូតឈានទៅដល់ការបាត់បង់ស្មារតី បានដោះខោអាវដើរអាក្រាតកាយតាមដងផ្លូវ តាំងពីផ្លូវម៉ៅសេទុង កែងនិងផ្លូវលេខ១០៥ ខណ្ឌចំការមន អស់រយៈពេលជាងមួយម៉ោង ដើររហូតដល់ចំណុចរង្វង់វិមានឯករាជ្យ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌដូនពេញដែលកំពុងប្រចាំការនៅចំណុចរង្វង់វិមានឯករាជ្យ ចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាខណ្ឌដូនពេញភ្លាមៗ កាលពីវេលាម៉ោង ៨យប់ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ ។
យោងតាមប្រភពព័ត៍មានពីសាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសបែកថ្នាំខាងលើនេះ បានដើរទាំងអាក្រាតកាយ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុកែងនឹងផ្លូវលេខ១០៥ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរដើររហូតដល់ចំណុចរង្វង់វិមានឯករាជ្យមិនឃើញមានអាជ្ញាធរខណ្ឌចំការមនណាម្នាក់ចុះមកឃាត់បុរសខាងលើនេះឡើយ ។ ភ្លាមនោះ កម្លាំងអាជ្ញាធរខណ្ឌដូនពេញ កំពុងតែប្រចាំការ ដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញដូច្នេះក៏ចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាខណ្ឌដូនពេញភ្លាមៗ តែម្តង ។
ក្រោយឃាត់ខ្លួនទើបដឹងថា បុរសខាងលើនេះបែកថ្នាំ ក៏បានបញ្ជូនបន្តទៅមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំផងដែរ ៕
ដោយ៖ ស រស្មី