ខេត្តរតនគិរី៖ សកម្មភាពកាប់ផ្តួលបំផ្លាញព្រៃឈើនៅតំបន់ព្រៃសហគមន៍អូរល្វះ មានលក្ខណះទ្រង់ទ្រាយធំមួយរយះនេះ តាមរយះមេឈ្មួញកេណ្ឌប្រមូលប្រជាជន កម្មករ អោយទៅកាប់ដឹកជញ្ជូនចេញពីតំបន់នោះ ដឹកចូលក្រុមហ៊ុនដូនពេញ គ្រប់គ្រងដោយលោក សាន ចយ ដើម្បីដឹកជញ្ជូនទៅវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវ ដោយប្រើឡានធំ«V1»ជាមធ្យោបាយ ក្លាយទៅជារឿងធម្មតាដែលសមត្ថកិច្ច អាជ្ញាធរ ជំនាញមានតួនាទីបង្ក្រាប ទទួលបានកម្រៃនៃអំពើពុករលួយសូកប៉ាន់ កើតឡើងពីការឃុបឃិតគ្នារបៀប(កន្ទេលធំបន្លំដេក) តែបញ្ហាបទល្មើសព្រៃឈើនេះរសើបណាស់ដែលមជ្ឈដ្ឋានទូទៅងាយនឹងរិះគន់ប៉ះពាល់កិត្តិយសថ្នាក់លើ។ ផ្ទុយទៅវិញចំពោះបទល្មើសព្រៃឈើនេះ គឺថ្នាក់លើមានយន្តការច្បាស់លាស់ណាស់ ពិសេសលោកនាយឧត្តមសេនីយ៍ប្រធានគណៈកម្មការជាតិ បង្ក្រាបបទល្មើសធនធានធម្មជាតិយកចិត្តទុកក្នុងរឿងនេះ យ៉ាងមុឺងម៉ាត់បំផុត។
បច្ចុប្បន្ននេះ តាមរយះភាពធូរលុងពីសមត្ថកិច្ច អាជ្ញាធរ ជំនាញមានតួនាទីបង្ក្រាប ខ្វះការទទួលខុសត្រូវលើវិធានការទប់ស្កាត់ ឬនិយាយបានថា៖ អាចទទួលលាភសក្ការៈតាមរយះការឃុបឃិតគ្នាជាមួយឈ្មួញ គេបានឃើញពីសកម្មភាពការបំផ្លាញព្រៃឈើនៅតំបន់ព្រៃសហគមន៍អូរល្វះ ទ្រង់ទ្រាយធំដឹកចូលក្រុមហ៊ុនដូនពេញ និងជាលក្ខណះចំហរ ទាំងសកម្មភាពចូលកាប់អារផ្តួលរលំ ដឹកជញ្ជូនចេញពីព្រៃសហគមន៍នេះ ដឹកជញ្ជូនចូលក្រុមហ៊ុនដូនពេញ និងសកម្មភាពដឹកចេញពីក្រុមហ៊ុនដូនពេញ ឆ្លងទៅប្រទេសវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវ។
ព្រៃឈើនៅតំបន់ព្រៃសហគមន៍អូរល្វះ ស្ថិតនៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី ងាយនិងវិនាសហិនហោចនាពេលដ៏ខ្លីខាងមុខ។ ឈ្មួញ សាន ចយ បានដឹកឈើប្រភេទជាឡាំងជ្រុងយកមកដាក់ក្នុងចំការដូងប្រេងក្រុមហ៊ុនដូនពេញ(ដូចឃើញជាក់ស្តែងក្នុងរូប) រួចស្ទួចដាក់ឡានV1ដឹកបន្តឆ្លងទៅវៀតណាម។ បង្ក្រាបមិនបានទេ ខណះបទល្មើសនេះក្លាយជាប្រភពសេដ្ឋកិច្ចឆ្នាំងបាយរបស់សមត្ថកិច្ច អាជ្ញាធរ ជំនាញមានតួនាទីបង្ក្រាបទៅហើយ..?
បទល្មើសព្រៃឈើបានបន្តកើតគួរអោយចាប់អារម្មណ៍ ក្នុងនោះសូម្បីតែឈ្មួញឈើ សាន ចយ ក៏មានឥទ្ធិពលបំផ្លាញព្រៃឈើនៅតំបន់ព្រៃសហគមន៍អូរល្វះ ដឹកជញ្ជូនធ្វើឡើងចំពោះក្រសែភ្នែក សមត្ថកិច្ច អាជ្ញាធរ ជំនាញមានតួនាទីបង្ក្រាប តើចំណុចនេះកើតឡើងដោយសារអ្វី..? អំណាចទឹកលុយឬ អសមត្ថភាព សមត្ថកិច្ច អាជ្ញាធរ ជំនាញកំពុងងប់ងល់និងប្រយោជន៍…?
ពាក់ព័ន្ធករណីនេះអង្គភាព«នគរដ្រេហ្គន»មិនអាចទាក់ទងបានទេពីឈ្មួញ សាន ចយ ថាតើគាត់មានសិទ្ធបំផ្លាញព្រៃឈើនៅតំបន់ព្រៃសហគមន៍អូរល្វះ ទ្រង់ទ្រាយធំដឹកចូលក្រុមហ៊ុនដូនពេញ មានច្បាប់អនុញ្ញាត ឬមួយយ៉ាងណា កាលពីព្រឹកថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនិងថ្ងៃទី២១ខែមករា ឆ្នាំ២០១៨ ដោយគ្មានលេខទូរស័ព្ទ ៕