ខេត្តកណ្ដាលៈ រថយន្តមួយគ្រឿងបើកបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តមួយគ្រឿងទៀតបើកក្នុងល្បឿនលឿនបុកពេញមួយទំហឹង បណ្ដាលឲ្យមនុស្ស២នាក់ទទួលរងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២០-២១ ស្ថិតក្នុងភូមិត្រពាំងត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់២នាក់ ទី១-ឈ្មោះ អ៊ិន សំអុល ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ (ប្រភេទទេសចរណ៍១២កៅអី) ពណ៍ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ2L -0128 និងទី២-ជាអ្នករួមដំណើរជាមួយឈ្មោះ ឃន ភេទប្រុស អាយុ៦០ឆ្នាំ ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ចំណែករថយន្តភាគីម្ខាងទៀតម៉ាកហ៊ីយ៉ាន់ដាយប្រភេទដឹកទំនិញ ពណ៌ស
ពាក់ស្លាកលេខ ភ្នំពេញ3D -6456 បើកបរដោយឈ្មោះឡេង រស្មី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលគោគ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ2L -0128 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ លុះបើកមកដល់ចំណុចកើតហេតុ ក៏បត់ឆ្លងផ្លូវពីត្បូងទៅជើង ខណៈនោះផងដែរក៏មានរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ3D -6456 បើកក្នុងទិសដៅពីលេចទៅកើត បើកក្នុងល្បឿនលឿនក៏ឈប់មិនទាន់បានជ្រុលទៅបុករថយន្តដែលបត់ឆ្លងផ្លូវពេញមួយទំហឹង បណ្ដាលឲ្យមនុស្ស២នាក់ជាអ្នកបើកនិងអ្នករួមដំណើរក្នុងរថយន្តដែលបត់ឆ្លងផ្លូវទទួលរងរបួសធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែករថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញធ្វើការពិនិត្យនិងវាស់វែង រួចកសាងឯកសារដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា បណ្ដាលមកពីរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ2L -0128 បើកបត់ឆ្លងផ្លូវមិនប្រយ័ត្នគ្រប់ជ្រុងជ្រោយ ទើបជារថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនេញ ពាក់ស្លាកលេខភ្នំពេញ3D -6456 បើកក្នុងល្បឿនលឿនឈប់មិនទាន់ក៏បុកពេញមួយទំហឹង បណ្ដាលឲ្យទទួលរងរបួសបែបនេះ ៕