ខេត្តព្រះសីហនុ៖ បុរសម្នាក់ត្រូវចាប់ខ្លួនពីបទរំលោភនារីកម្មកររោងចក្រ នៅក្នុងព្រៃ ដោយបញ្ឆោតហៅជនរងគ្រោះឲ្យជូនទៅមើលប្រពន្ធខ្លួនដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង០៧ និង១៥នាទីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅសង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសកម្មកររោងចក្រកាត់ដេរម្នាក់ បានបោកបញ្ឆោតនាំនារីកម្មកររោងចក្រកាត់ដេរ ដែលជួលបន្ទប់ក្បែរគ្នា យកទៅរំលោភបានសំរេច នៅក្នុងព្រៃផ្លូវចូលក្បាលឆាយ។ ប្រភពបន្តថា នារីរងគ្រោះឈ្មោះស ជ រ អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ និងស្នាក់នៅផ្ទះជួលជិតរោងចក្រកាត់ដេរញ៉ូវស្តារ។ ចំណែកជនសង្ស័យមានឈ្មោះ ថន ប៊ុណ្ណា ហៅម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរញ៉ូវស្តារដូចគ្នា។
នារីរងគ្រោះបានឲ្យដឹងថា ជនសង្ស័យបាននិយាយកុហកប្រាប់ថា ប្រពន្ធរបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍នៅស្ពានទឹកសាប ហេតុដូច្នេះសូមជួយទៅមើលជាមួយខ្លួនផង ក្នុងពេលនោះនារីរងគ្រោះ ក៏បានឡើងជិះម៉ូតូទៅជាមួយជនសង្ស័យបានឌុបនាង ចូលទៅក្នុងព្រៃផ្លូវចូលទៅក្បាលឆាយ ហើយធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច បន្ទាប់មកក៏បានឌុបនារីរងគ្រោះត្រឡប់មកបន្ទប់ជួលវិញ។ ក្រោយពេលកើតហេតុនារីរងគ្រោះបានប្តឹងសមត្ថកិច្ច និងទៅចង្អុលមុខចាប់ខ្លួនជនសង្ស័យបានតែម្តង។
ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី៕