ខេត្តកណ្តាល៖ រឿងឧកញ៉ា រឿង សំអាង ហៅពៅ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែមទៀត ជុំវិញការបាញ់បោះសេរីជាច្រើនគ្រាប់ គម្រាមរារាំង qមន្រ្តីរាជការសាធារណៈ។
លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង ថ្លែងថា៖ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត ដើម្បីស្វែងរកការពិតនៃការបាញ់សេរីនេះ ។ លោកថា សមត្ថកិច្ចបានហៅសាក្សីមួយចំនួនចូលបំភ្លឺ ហើយនឹងអាចឈានការកោះហៅ ឧកញ៉ា ពៅ ចូលបំភ្លឺជាក្រោយ។
ស្នូរកាំភ្លើងជាច្រើនគ្រាប់បានលាន់យ៉ាងខ្លាំងចេញពីទីតាំងកន្លែងរណ្តៅអត់ច្បាប់ ស្ថិតនៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង នៅចំពីខាងក្រោយបន្ទាយសឹករងខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ដែលសមត្ថកិច្ចមូលដ្ឋានអះអាងថា ជនបង្កជាឧកញ៉ា រឿង សំអាង ហៅពៅ ជាម្ចាស់រណ្តៅដីអត់ច្បាប់ ធ្វើសកម្មភាពដកកាំភ្លើងខ្លីបាញ់ភ្ជុចទៅក្នុងរណ្តៅដីអស់ចំនួន១បង់ ជាការគំរាមខាងជំនាញ ក្រសួងរ៉ែនិងឋាមពលចុះមកពិនិត្យរណ្តៅដីអត់ច្បាប់របស់ខ្លួន។
បន្ទាប់ពីបាញ់ ឧកញ៉ាពៅ បានបញ្ជាឱ្យកូនចៅរបស់ខ្លួនបើកអា«អិច»កាយដីយកទៅដាក់ចំកណ្តាលផ្លូវដើម្បីបង្អាក់ដំណើរជំនាញ ដោយប្រើជាលេសថា គ្រឿងចក្រអា«អិច»កាយដី បានខូច។
ពាក់ព័ន្ធករណីនេះ មិនមានសមត្ថកិច្ចឃាត់ខ្លួនជនបង្កក្នុងសកម្មភាព រារាំងបាញ់គំរាមមន្ត្រីរាជការសាធារណៈនោះទេ ទើបតែនៅព្រឹកថ្ងៃសុក្រទី១៩ ខែមករា ឆ្នាំ២០១៨ គេឃើញមានកម្លាំងនគរបាលព្រហ្មទណ្ឌចុះទៅកន្លែងកើតហេតុ ជាមួយខាងជំនាញ ដើម្បីធ្វើកំណត់ហេតុស្តាប់ចម្លើយសាក្សី អ្នករស់នៅជុំវិញកន្លែងកើតហេតុ និងពិនិត្យពីឯកសារច្បាប់។
មន្ត្រីបង្ហើបថា ឧកញ៉ាពៅ ជាថៅកែរណ្តៅដីជើងខ្លាំង មិនត្រឹមព្រហើនបាញ់អស់មួយបង់រារាំងបាញ់គំរាមមន្ត្រីរាជការសាធារណៈនោះទេ គេថែមទាំងមានកាំភ្លើង៣ដើម មិនដឹងថាមានលិខិតអនុញ្ញាតឬយ៉ាងណានោះឡើយ៕