ភ្នំពេញ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការសម្របសម្រួលនីតិវិធីពី លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងបានចុះបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរ និងវៀតណាម ចំនួន ៧នាក់ នៅចំណុចសណ្ឋាគារមេគង្គវីយូថោវ័រ ស្ថិតនៅភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោង១១យប់ ថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹង ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ។
ជនសង្ស័យទាំង ៧នាក់ រួមមាន ១-ឈ្មោះ ង្វៀង ធីទឿងអាន ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិវៀតណាម, ២-ឈ្មោះ ង្វៀង ហុងដាំ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម, ៣-ឈ្មោះ ង្វៀង ថៃសឺន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម, ៤-ឈ្មោះ ហ្វង់ ហុងហ្វី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិវៀតណាម, ៥-ឈ្មោះ ជ័យ សុភាព ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ, ៦-ឈ្មោះ ពៅ លក្ខិណា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ និង ៧-ឈ្មោះ ឃិន វិសាល ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ។ កម្លាំងក៏បានចាប់យកវត្ថុតាង រួមមាន រុក្ខជាតិក្រៀម ២កញ្ចប់, ម្សៅក្រាមពណ៌សថ្លា ចំនួន ៦កញ្ចប់ធំ ទម្ងន់ ៤៩,១ ក្រាម, ថ្នាំគ្រាប់ពណ៌ទឹកក្រូច មានទម្ងន់ ១៨៩,៦ ក្រាម, ខ្សែកលោហធាតុពណ៌ខៀវ ១ខ្សែ, អាវុធ ១ដើម ម៉ាក P២៣០ គ្រាប់ ៧ បង់១, ពិលឡាស៊ែ ១, ទូរស័ព្ទ ២គ្រឿង, ម៉ូតូ ១គ្រឿង, រថយន្ត ១គ្រឿង, ប្រាក់ ៨៥០០ដុល្លារ និង ៤៥០ ០០០រៀល និងលុយដុងមួយចំនួន ។
ប្រភពដដែរបន្តទៀតថា លុះនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយ កម្លាំងប្រឆាំងបទល្មើស គ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមនិងសហការជាមួយនិងកម្លាំងកងរាជអាវុធហត្ថ ខណ្ឌមានជ័យ ដឹកនាំកម្លាំងជាច្រើននាក់ នាំជនសង្ស័យម្នាក់ មកបង្ហាញទីតាំងនិងចុះឆែកឆេរ ស្ថិតនៅចំណុចផ្ទះជួលមួយកន្លែង ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ របស់ជនសង្ស័យម្នាក់ទៀត ដកហូតបានថ្នាំញៀនជាង៥គីឡូ រួមនិងអាវុធម៉ាក K59ចំនួន១ដើម ចំណែកជនសង្ស័យម្ចាស់ថ្នាំញៀនរួមនិងកាំភ្លើងដែលដកហូតបាន គឺបានដឹងខ្លួនជាមុនរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយប្រតិបត្តិការកម្លាំងសមត្ថកិច្ច បាននាំជនសង្ស័យរួមនិងវត្ថុតាង គ្រឿងញៀនជាង៥គីឡូខាងលើ ត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀងវិញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕
ដោយ៖ ជ្រោយពេជ្រ