ភ្នំពេញ៖ អស់រយៈជាច្រើនឆ្នាំហើយដែលអតីតតារាសម្តែង ស៊ឹម សូលីកាបានប្រឡូក្នុងវិស័យសិល្បៈ។ ទោះមិនមានការងារច្រើនប៉ុន្តែជីវិតរបស់អ្នកនាងហាក់រស់ក្នុងស្ថានភាពឡូយឆាយច្រើនបើធៀបជាមួយអ្នករួមជំនាន់ជាច្រើន។
ពិធីការិនី ស៊ឹម សូលិកា នៅតែបន្ដពោលពាក្យបដិសេធមិនបើកកកាយរឿងរ៉ាវជីវិតឯកជនរបស់នាង ប្រាប់ដល់បណ្ដាសារព័ត៌មានដោយលើកហេតុផលថា រូបនាងចាស់ហើយមិនចង់ល្បីអីនោះទេ ទុកឱ្យក្មេងៗជំនាន់ក្រោយចុះ។ បើទោះបីជាយ៉ាងណា ក៏នាងមិនបានផ្ដាច់ទំនាក់ទំនងទាំងស្រុងជាមួយមហាជន និងអ្នកគាំទ្រឡើយ គឺទំនាក់ទំនងតាមរយៈគេហទំព័រ Facebook ។
គេ នៅចាំបានថា ជីវិតលើថ្នាលសិល្បៈ របស់តារាសម្ដែង ស៊ឹម សូលិកា ចាប់ផ្ដើមចេញពន្លកចាប់តាំងពីឆ្នាំ២០០៤ ដែលទាំងរូបសម្ពស្ស និងជីវភាពរស់នៅរបស់នាងមានលក្ខណៈសាមញ្ញប៉ុណ្ណោះ។ នាងអាចស្រូបទាញបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស បន្ទាប់ពីសម្ដែងឈុតខារ៉ាអូខេឱ្យផលិតកម្មរស្មីហង្សមាស។ អ្វីដែលរុញឱ្យជីវិតសិល្បៈរបស់នាងកាន់តែត្រដែត បន្ទាប់ពីនាងបានក្លាយជាតួឯកក្នុងខ្សែភាពយន្តរឿង “នេសាទក្រពើ” ឱ្យផលិតកម្មនេះ។ ជំហាន ចុងក្រោយអាចឱ្យជីវិតរបស់នាងឈរជើងយ៉ាងនឹង គឺនាងបានវិវឌ្ឍខ្លួនក្លាយជាពិធីការិនីនៃស្ថានីយទូរទស្សន៍ បាយ័ន ដោយនាងអាចក្រសោបបាននូវកម្មវិធីល្អៗល្បីៗមួយចំនួនធំ។ រហូតមកដល់ដំណាច់ឆ្នាំ២០១០ ពិធីការិនីវ័យ ៣៨ឆ្នាំ រូបនេះបានស្ថិតក្នុងលំដាប់សិល្បករដែលមានទ្រព្យសម្បត្ដិស្ដុក ស្ដម្ភ និងប្រជាប្រិយបំផុត ហើយបើទោះបីជាកន្លង នាងពុំធ្លាប់បានទម្លាយឱ្យដឹងពីមូលហេតុ នៅពីក្រោយជីវភាពហ៊ឺហាស្ដុកស្ដម្ភនេះក្ដី ក៏គេអាចយល់បានខ្លះៗ តាមរយៈសកម្មភាពការងារ និងសិល្បករដែលស្និទ្ធនឹងនាង។ មួយរយៈចុងក្រោយនេះ ជីវិតរស់នៅប្រចាំថ្ងៃក៏ដូចជាសកម្មភាពបំពេញការងាររបស់នាង ត្រូវបានលាតត្រដាងជាបណ្ដើរៗ តាមរយៈ គេហទំព័រ Facebook ដែល ។ រូបភាពរាប់រយសន្លឹកត្រូវបានបង្ហោះលើគេហទំព័ររបស់នាង ហើយអ្វីដែលគេមានការចាប់អារម្មណ៍រូបភាពយ៉ាងច្រើនសន្លឹកបាន បង្ហាញពីជីវភាពរស់នៅរបស់នាងស្ថិតនៅក្នុងលក្ខខណ្ឌមួយដែលសិល្ប ការិនី និងអភិជនមួយចំនួនមិនអាចធ្វើបាន។ រូបភាពរស់នៅលើផ្ទះវីឡាដ៏ធំស្កឹមស្កៃអមដោយគ្រឿងសង្ហារឹម ប្រណីតៗថ្លៃៗរបស់ប្រើប្រាស់ប្រចាំថ្ងៃទំនើបៗ ដែលសូម្បីតែផ្ទះបាយរបស់នាងស្រស់ស្អាតគួរឱ្យចង់រស់នៅ។
សិល្បការិនីម្នាក់ដែលធ្លាប់បានរួមដំណើរ និងជួប ស៊ឹម សូលិកា ជាញឹកញាប់បានពោលពាក្យកោតសរសើរស្ងប់ស្ងែងពីជីវិតដ៏ថ្កុំ ថ្កើងរបស់នាងថា មានវាសនាខ្ពស់ ព្រោះសព្វថ្ងៃនាងរស់នៅលើគំនរមាសប្រាក់ មានលុយចាយពេញៗដៃ មិនតែប៉ុណ្ណោះបុគ្គលិកដែលមួយចំនួនធំនៅស្ថានីយទូរទស្សន៍បាយ័ន គោរពស្រឡាញ់យកចិត្ដនាងផងដែរ។ ក្រៅពីជីវិតពោរពេញដោយភាពរុងរឿងទាំងនេះ សាច់ឈាមពណ៌សម្បុរស្រអែមរបស់នាងកាន់តែសភ្លឺរលោងមិនចាញ់សិល្ប ករជំនាន់ក្រោយប៉ុន្មានឡើយ។ ក្រៅពីរស់នៅជាមួយនឹងគេហដ្ឋាន និងសម្ភារៈដ៏សម្បូរបែបនេះនាងនៅមានហាងកែសម្រស់ដ៏ធំទំនើបមួយនៅម្តុំក្រោយពេទ្យព្រះកុសុមៈផងដែរ ដែលគេដឹងថា ដើមទុននៃការបើកដំណើរការហាងស្តង់ដានេះចំណាយអស់ប្រាក់រាប់ម៉ឺនដុល្លារអាមេរិក។
បើ ទោះបីជាជីវិតរស់នៅប្រចាំថ្ងៃរបស់ នាងមួយចំនួនធំត្រូវបានបង្ហាញជាសាធារណៈក្ដី ក៏ជីវិតឯកជនរបស់នាងនៅមិនលាតត្រដាងនៅឡើយ ពិសេសជុំវិញមូលហេតុដែលនៅពីក្រោយភាពហ៊ឺហាទាំងនេះ ដែលកន្លងទៅធ្លាប់មានរលករឿងរ៉ាវពីទំនាក់ទំនងស្នេហាយ៉ាងអាថ៌ កំបាំងជាមួយបុរសដ៏មានឥទ្ធិពលម្នាក់ បន្ទាប់ពីចែកផ្លូវគ្នាដើរជាមួយអតីតស្វាមីកាលពីឆ្នាំ ២០០៧ នោះ ប៉ុន្ដែជា ញឹកញាប់ត្រូវបាននាងបដិសេធ និងច្រានចោលចំពោះការជជីកសួរអំពីព័ត៌មានទាំងនេះ ហើយនាងនៅតែបន្ដវេចខ្ចប់នូវជីវិតស្នេហារបស់នាងឱ្យស្ថិតក្នុង ប្រអប់មួយយ៉ាងអាថ៌កំបាំង។ នៅពេលមានអារម្មណ៍ធុញថប់នឹងរឿងរ៉ាវស្នេហាម្តងៗពិធីការិនីរូបនេះតែងតែបង្ហាញពីអារម្មណ៍មួរហ្មងទាំងនោះប្រាប់មិត្តភ័ក្កតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជានិច្ច ហើយនាងក៏ទទួលការលួងលោម ផ្តល់យោបល់យ៉ាងច្រើនពីមិត្តភ័ក្កនាង៕
ដោយ វឌ្ឍនា