ថាមពលធ្យូងថ្ម បានបញ្ចេញផ្សែងពុលជាច្រើនចូលក្នុងបរិយាកាស ទំាងនោះហើយបានជាប្រទេសជាច្រើនបានសម្រេចបិទរោងចក្រថាមពលធ្យូងថ្ម ដែលជាការចូល រួមនៅក្នុងការកាត់បន្ថយជាតិពុលក្នុងបរិយា កាស។
កន្លងមកចិនក៏បានសម្រេចបិទ រោងចក្រ ថាមពលធ្យូងថ្ម ជាការអនុវត្តទៅ តាមកិច្ចព្រមព្រៀង ស្តីពីអាកាសធាតុទី ក្រុងប៉ារីស។
កន្លងមកថ្មីៗ ប្រធានាធិបតីបារាំង បាន ប្រកាសពីគម្រោង បិទ រោងចក្រថាមពលធ្យូងថ្មទាំងអស់តែម្តង ហើយការបិទទាំងអស់នោះធ្វើឡើងរហូតដល់ឆ្នាំ២០២១ ដើម្បីបរិស្ថាន ។
រដ្ឋាភិបាលបារាំងអាចនឹងបិទរោងចក្រដើរដោយថាមពលធ្យូងថ្មទាំងអស់ នៅឆ្នាំ ២០២១។ នេះគឺជាការលើកឡើងរបស់ ប្រធានាធិបតីបារាំង ដកស្រង់ដោយសារ ព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨។
ប្រធានាធិបតីបារាំង លោក អេមម៉ា នុយអែល ម៉ាក្រុង ធ្វើការកត់សម្គាល់ បែបនេះ នាឱកាសចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅឯទីក្រុង Davos ប្រទេសស្វុីស កាលពីថ្ងៃអាទិត្យ។ បន្ថែមពី លើនេះ ជុំវិញការបេ្ដជ្ញាចិត្តនេះដែរ លោក ម៉ាក្រុង បាននិយាយថា ទីក្រុងប៉ារីសអាចនឹងជំនួសរោងចក្រថាមពលចាស់ៗ ដោយ រោងចក្រថាមពលកកើតឡើងវិញ ឬក៏ថាមពលដើរដោយរ៉េអាក់ទ័រនុយក្លេអ៊ែរ នៅឆ្នាំ ២០២១។ «ការផ្លាស់ប្ដូរនេះនឹងផ្ដល់ផលប្រយោជន៍ក្នុងការទាក់ទាញ និងការ ប្រកួតប្រជែង… ហើយយើងនឹងបង្កើត ការងារជាច្រើន តាមរយៈយុទ្ធសាស្ត្រ ថ្មីនេះ»។ នេះបើតាមលោក អេមម៉ានុយ អែល ម៉ាក្រុង។
គួររំលឹកថា អតីតប្រធានាធិបតីបារាំង លោក ហ្រ្វង់ស័្វរ ហូលឡង់ ក៏ធ្លាប់បានអះ អាងដែរថា ទីក្រុងប៉ារីសនឹងបិទរោងចក្រថាមពលធ្យូងថ្ម នៅឆ្នាំ២០២៣។ តែយ៉ាង ណាក៏ដោយ ការប្ដេជ្ញាចិត្តជាថ្មីរបស់លោក ម៉ាក្រុង ធ្វើឡើងនៅចំពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមានដក សហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីបម្រែបម្រួលអាកាសធាតុ ដែលនេះធ្វើឱ្យក្រុមអ្នកការពារបរិស្ថាន យល់ថា អាចនឹងជះឥទ្ធិពលមិនល្អដល់ ការប្រយុទ្ធប្រឆាំង នឹងការកើនឡើងកម្ដៅ ផែនដីជាសកល៕ ម៉ែវ សាធី