ខេត្តកណ្ដាលៈ ទីតាំងល្បែងស៊ីសងបញ្ជល់មាន់និងអាប៉ោងលួចលាក់មួយកន្លែង ត្រូវបានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្អាង ចុះធ្វើការបង្រ្កាបនិងដកហូតវត្ថុតាងមួយចំនួនផងដែរ ។
ករណីបង្រ្កាបល្បែងស៊ីសងខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុង ភូមិស្វាយជួ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ករណីបង្ក្រាបល្បែងស៊ីសងខាងលើ កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន៖ មាន់ចំនួន០៦ក្បាល, កញ្ចក់ជ្រុង១, ជញ្ជីង១, កំប៉ុងថ្នាំបាញ់ពណ៌ចំនួន០២, បង់រុំជើងមាន់១៥ដុំធំ, ចាននិងគម្របអាប៉ោងចំនួន០១, កម្រាលអាប៉ោង ចំនួន០១, ស្បែកជើង ចំនួន១២គូរ, កៅអីជ័រ ចំនួន៤០, ម៉ូតូចំនួន៣២គ្រឿង, រថយន្តបាឡែន ០១គ្រឿង, ថង់ផ្លាស់ស្ទីករុំសង្វៀនមាន់ពណ៌ស២ដុំ។ ដោយឡែកអ្នកលេង ជាង១រយនាក់ បានរត់គេចខ្លួនបាត់អស់ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុកម្លាំងជំនាញបានទទួលព័ត៌មានថា មានករណីល្បែងជល់មាន់និងអាប៉ោងលួចលាក់មួយកន្លែងដែលមានទីតាំងនៅភូមិ/ឃុំកើតហេតុខាងលើ និងមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដ ភ្លាមនោះកម្លាំងជំនាញខេត្ដ បានសហការជាមួយកម្លាំងជំនាញស្រុក ចុះធ្វើការបង្រ្កាបនិងដកហូតវត្ថុតាងមួយចំនួនដូចបានរៀបរាប់ខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
...