ខេត្តកណ្តាល ៖ មនុស្សម្នាក់បានស្លាប់ និង២នាក់របួសស្រាល ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុករថយន្ត កាលពីថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៤ និង៣0នាទី លើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូ ម៉ែត្រលេខ៣៧-៣៨ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។
នគរបាលចរាចរបានឲ្យដឹងថា ករណីនេះកើតឡើង រវាងម៉ូតូម៉ាកSUZUKI SMASH 110 ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AV-0088 បើកបរដោយឈ្មោះគិត សារ៉ុង ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិខ្ពប ឃុំព្រែកសំបួរ ស្រុកពាមជរ៍ ខេត្តព្រៃវែង រួមដំណើរដោយ មនុស្ស២នាក់ ១-/ឈ្មោះ គង់ សាវី ភេទស្រី អាយុ៣១ឆ្នាំ មានទីលំភូមិខ្ពប ជាមួយគ្នា និង២/-ឈ្មោះ ឃិន ស្រេង ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំទ្រា ស្រុក សំរោង ខេត្តតាកែវ បើកក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ ។
សមត្ថកិច្ចបន្តថា លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបើកជែងម៉ូតូហើយប៉ះដៃចង្កូតគ្នាធ្វើអោយដួលបោកទៅខាងឆ្វេងទៅបុកជាមួយរថយន្តម៉ាក SSANG YONG ISTANA ពណ៌លឿង ប្រភេទដឹកអ្នកដំណើរធុនតូច ពាក់ស្លាកភ្នំពេញ 2AF-7086 បើកបរដោយឈ្មោះផាន សម្បត្តិ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិពោន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងដោយមានអ្នករួមដំណើរចំនួន៥នាក់ បើកក្នុងទិសដៅផ្ទុយគ្នា (ភ្នំពេញ-អ្នកលឿង) បណ្តាលអោយស្លាប់អ្នកបើកបរម៉ូតូឈ្មោះគិត សារ៉ុង នៅកន្លែងកើត ហេតុ ។ ចំណែកអ្នករងរបួសស្រាលឈ្មោះឃិន ស្រេង បានបញ្ជួនទៅព្យាបាល មណ្ឌល សុខភាពសំរោងធំ និងរបួសស្រាលឈ្មោះគង់ សាវី ទទួលយកសពទៅអោយគ្រួសារធ្វើ បុណ្យតាមប្រពៃណី។
ក្រោយពេលកើតហេតុអ្នកបើករថយន្តបានបើករត់គេចទៅមុខ បានចម្ងាយ២គីឡូម៉ែត្រត្រូវ បានប្រជាពលរដ្ឋចាប់អោយប៉ូលីសប៉ុស្តិសំរោងធំចាត់ការតាមនីតិវិធី ។ ម៉ូតូនិងរថយន្ត យកមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។
ក្រោយការវាស់វាស់ សមត្ថកិច្ចជំនាញចរាចរបានសន្និដ្ឋានថា អ្នកបើកបរម៉ូតូឈ្មោះគិត សារ៉ុង បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបើកលឿន ហើយបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។ ចំណែកអ្នកបើកបររថយន្តឈ្មោះផាន សម្បត្តិ បើក រត់គេចមិនឈប់ទទួលខុសត្រូវខុសនឹងមាត្រ៣៤និងមាត្រ៣៥នៃស្តីពីចរាចរណ៍ផ្លូវគោក ៕ ស្អាងជ័យ