រុស្ស៊ីបានចោទប្រកាន់អាមេរិកវិញម្តង​ពីការជ្រៀតជ្រែកកិច្ចការបោះឆ្នោត

ចែករំលែក៖

កន្លងមកអាមេរិកបានចោទប្រកាន់រុស្ស៊ី ថាបានជ្រៀតជ្រែកចូល​កិច្ចការបោះឆ្នោត ប្រធានាធិបតីអាមេរិកបង្កឲ្យមានវិវាទកាន់តែខ្លាំង រវាងអាមេរិក នឹងរុស្ស៊ី។ នៅពេលនេះវិញ​រុស្ស៊ីក៏បានចោទប្រកាន់អាមេរិកវិញម្តងពីការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃការបោះឆ្នោតរុស្ស៊ី។

អ្នកនាំពាក្យវិមានក្រិមឡាំង លោក Dmitry Peskov បានថ្លែងកត់សម្គាល់ថា ការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរុស្ស៊ី គឺមានគោលបំណងធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមីនា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨។
លោក Dmitry Peskov បានថ្លែងបែបនេះនៅចំពេលមានសេចក្ដីរាយការណ៍ជាច្រើនថា ទីក្រុងវ៉ាស៊ីនតោន ប្រហែលជានឹងចេញរបាយការណ៍មួយពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មលើទីក្រុងមូស្កូ ក៏ដូចជាការបន្ថែមឈ្មោះសហគ្រាស ឬក្រុមហ៊ុនរុស្ស៊ីមួយចំនួនទៅក្នុងបញ្ជីខ្មៅត្រូវជាប់ទណ្ឌកម្មអាមេរិក។ ដោយឡែកទាក់ទិននឹង ការបោះឆ្នោតប្រធានាធិបតី អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា វិមានក្រិមឡាំងមិនបានចាត់ទុកថា មេដឹកនាំបក្សប្រឆាំង លោក Alexei Navalny ជាអ្នកគំរាមកំហែងផ្នែកនយោបាយនោះទេ ហើយថាការធ្វើបាតុកម្មប្រឆាំងនឹងប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃអាទិត្យ គ្រាន់តែជារឿងធម្មតា គ្មានអ្វីសំខាន់ឡើយ។
គួរបញ្ជាក់ថា បើតាមការស្ទង់មតិជាច្រើន លោក វ្ល៉ាឌីមៀរ ពូទីន អាចនឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៨ ខែមីនា នៅក្នុងបរិបទដែលមានការចោទប្រកាន់ជាច្រើនថា រដ្ឋាភិបាលរបស់លោកកំពុងធ្វើទុក្ខបុកម្នេញលើបក្សប្រឆាំង។
ចំណែកអាមេរិកវិញ នៅពេលនេះក៏បានចោទប្រកាន់រុស្ស៊ី​លូកដៃចូលក្នុងកិច្ចការបោះឆ្នោត សភាអាមេរិកពាក់កណ្តាលអាណត្តិ​ដែលត្រូវធ្វើឡើងនៅចុងឆ្នាំ​២០១៨នេះ។
នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA លោក Mike Pompeo បានអះអាងថា រុស្ស៊ីនឹង​បន្តជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតសភាអាមេរិកពាក់កណ្ដាលអាណត្តិនៅ ឆ្នាំ២០១៨នេះ។ លោក Pompeo ថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន BBC​ ដែលចុះផ្សាយនៅថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ BBC កាលពីថ្ងៃចន្ទ លោក Mike Pompeo បានឱ្យដឹងទៀតថាមកទល់ពេលនេះ គ្មានសញ្ញាណាមួយបញ្ជាក់ថាទីក្រុងមូស្គូបោះបង់ចោលការ ព្យាយាមលូកដៃចូលក្នុងកិច្ចការបោះឆ្នោតនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ នាយក CIA រូបនេះបន្ថែមដូច្នេះថា៖ «យើងគឺជាសេវាកម្មចារកម្មដ៏ល្អបំផុតនៅក្នុងពិភពលោក ហើយយើង នឹងធ្វើការងាររបស់យើងឱ្យបានល្អ ក្នុងនាមប្រជាជនអាមេរិកដើម្បីទប់ស្កាត់រាល់ចេតនាអាក្រក់ មកលើសហរដ្ឋអាមេរិក»។ ទីភ្នាក់ងារចារកម្មអាមេរិកធ្លាប់បាននិយាយថាពួកគេជឿជាក់ ថារុស្ស៊ីបានជ្រៀតជ្រែកចូលក្នុងកិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦ បើទោះជាទីក្រុងមូស្គូបដិសេធជាច្រើនក៏ដោយ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទម្សិលមិញ អ្នកពាក្យវិមានក្រឹមឡាំង លោក Dmitry Peskovក៏បានចោទប្រកាន់សហរដ្ឋអាមេរិកផងដែរថាកំពុងប្រើប្រាស់ការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹង ទីក្រុងមូស្គូ ដើម្បីជ្រៀតជ្រែកនិងធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមីនា ខាងមុខនេះ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print