ភ្នំពេញ៖ នៅថ្ងៃអង្គារ៍ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៧និង៣០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាអោយលោក យស យុទ្ធី អភិបាលរងខណ្ឌ និង លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ សហការជាមួយការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះរៀបចំសណ្តាប់ធ្នាប់ការចតរតថយន្តលើជញ្ចើមផ្លូវសាធារណៈនៅបណ្តោយមហាវិថីព្រះនរោត្តម ចាប់ពីខាងមុខរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ រហូតដល់រង្វង់មូលវិមានឯករាជ្យ ក្នុងនោះជាគោលការណ៍ គឺមិនអនុញ្ញាតឲ្យមានរថយន្ត ម៉ូតូ ម៉ូតូកង់បី និងការ ប្រកបអាជីវកម្មគ្រប់ប្រភេទ នៅលើជញ្ចើមផ្លូវសាធារណៈ ជាពិសេសតាមបណ្តោយមហាវិថីព្រះនរោត្តមឡើយ ។
គួរបញ្ជាក់ផងដែរថា រដ្ឋបាលខណ្ឌដូនពេញ នៅតែបន្តប្រើប្រាស់វិធានការរដ្ឋបាលលើករណីមិនព្រមស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដោយបានចាប់ ស្ទូច អូសយានយន្តគ្រប់ប្រភេទ រួមទាំងសំភារៈផ្សេងៗ ដែលបានឈប់ចត និងដាក់រំលោភចិញ្ចើមផ្លូវ យកមករក្សារទុកនៅសាលាខណ្ឌដូនពេញ ដើម្បីធ្វើការអប់រំណែនាំ ៕ស តារា