ភ្នំពេញ៖ ដើម្បីពង្រឹងផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនៅក្នុងមូលដ្ឋាន នៅថ្ងៃ អង្គារ៍ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៩ព្រឹក លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាករឯកភាពខណ្ឌដូនពេញ ។
កិច្ចប្រជុំនេះ មានការចូលរួមពីគណៈអភិបាលខណ្ឌ អធិការរងខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ នាយក នាយករងរដ្ឋបាលខណ្ឌ លោក-លោកស្រីចៅសង្កាត់ទាំង១១ ប្រធានការិយាល័យចំណុះជំនាញជុំវិញខណ្ឌ ប្រធានប្រជាការពារខណ្ឌ ។
របៀបវារៈនៃកិច្ចប្រជុំរួមមានដូចខាងក្រោម៖
១. បន្តពង្រឹងផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនៅក្នុងមូលដ្ឋាន។
២. បន្តពង្រឹងចំពោះការធ្វើអនាម័យបរិស្ថាននៅក្នុងមូលដ្ឋាន។
៣. បន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
៤. បន្តពង្រឹងការបង្ក្រាបបទល្មើសគ្រឿងញឿន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
៥. ការអនុវត្តន៍តាមលិខិតលេខ០០៧ លស ចុះថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានងត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ស្ដីពីការចុះត្រួតពិនិត្យ និងគាំទ្រការអនុវត្តន៍ការងារអត្រានុកូលដ្ឋាន និងការប្រើប្រាស់សៀវភៅស្រង់ស្ថិតិកំណើត អាពាហ៍ពិពាហ៍ និងមរណភាព ដែលប្រើប្រាស់ដោយ មេភូមិនៅតាមសង្កាត់ ខណ្ឌ ក្នុងរាជធានីភ្នំពេញ។
៦. បញ្ហាផ្សេងៗ
– ការស្ដារលូ និងជួសជុលផ្លូវសំបុកមាន។
– គម្រោងការស្ដារហេដ្ឋារចនាសម្ព័ន្ធនានាទូទាំងខណ្ឌ។
ក្នុងកិច្ចប្រជុំនេះ លោកអភិបាល បានពិនិត្យលើវឌ្ឍនភាពការងាររៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសំខាន់ៗ ក្នុងខណ្ឌនិងគោលដៅរៀបចំសណ្តាប់ធ្នាប់ អនាម័យ របៀបរៀបរយ តាមបណ្តាសង្កាត់ទាំង១១ ដែលបានកំណត់កាលពីកិច្ចប្រជុំកន្លងទៅ។ ជាមួយនេះ លោកអភិបាលបានបានសង្កត់ធ្ងន់និងយកចិត្តទុកដាក់ជាសំខាន់ លើការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ជើងគោកក្នុងមូលដ្ឋាន និងការងារពង្រឹងការការពារសន្តិសុខ ការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសលួចឆក់ប្លន់ ក្នុងមូលដ្ឋានខណ្ឌ ឲ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព។
លោកអភិបាលខណ្ឌ បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយតាមដងផ្លូវសំខាន់ៗក្នុងខណ្ឌ មានភាពល្អប្រសើរ និងបានស្នើឲ្យបន្តកិច្ចការនេះបន្ថែមទៀត។ ចំពោះការងារសន្តិសុខ សុវត្ថិភាព នាពេលកន្លងមក ដោយពិនិត្យឃើញថា មានការថយចុះគួរឲ្យកត់សំគាល់ និងស្នើសុំឲ្យកងកម្លាំងមានសមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពខណ្ឌបន្តបង្កើនការសហការគ្នាឲ្យកាន់តែល្អ ក្នុងការការពារ និងទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋានខណ្ឌដូនពេញ ៕ស តារា