បណ្តឹង​លោក​ អ៊ូ​ ច័ន្ទ​រ័ត្ន​ សុំ​ជំនុំជម្រះ​ឡើងវិញ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​តុលាការកំពូល​ច្រានចោល​

ចែករំលែក៖

ភ្នំពេញ​៖បណ្តឹង​លោក​អ៊ូ​ ច័ន្ទ​រ័ត្ន​ អតីត​តំណាង​រាស្រ្ត​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​តុលាការ​កំពូល​ សម្រេច​ច្រានចោល​ ដោយ​មិន​លើក​យក​មក​ជំនុំជម្រះ​ឡើងវិញ​ទេ​ ចំពោះ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ នេះ​យោង​តាម​ដីកា​សម្រេច​របស់​តុលាការ​កំពូល​ ។

គួរ​បញ្ជាក់​ថា​ កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ បណ្តឹងសើរើរបស់លោក អ៊ូ ច័ន្ទរ័ត្ន និងសហការីរបស់ខ្លួន ត្រូវបានមេធាវីគឺលោក ផែង ហេង​ បានយកទៅដាក់នៅតុលាការកំពូល ក្នុងគោលបំណង ប្តឹងតវ៉ាលើដីកាសម្រេចលេខ៤៨៨ ៤៨៩ និង៤៩០ ដស ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ដែលតុលាការបានច្រានចោលបណ្តឹងរបស់លោក ទាក់ទងនឹងបណ្ដឹងសុំឱ្យជំនុំជម្រះ សាជាថ្មីលើសំណុំរឿង លេខ៣៤០(ឆ) ទាក់ទងនឹង ការរំលាយគណបក្សសង្គ្រោះជាតិ, ការសុំឱ្យចេញរក្សាការពារ សមាជិកក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ និងបណ្ដឹងទាមទារសិទ្ធិ ធ្វើនយោបាយឡើងវិញ។

តុលាការកំពូល​ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ចេញដីកាសម្រេចមួយថា ខ្លួននឹងមិនលើកយកករណី «រំលាយគណបក្ស សង្រ្គោះជាតិ» មកជំនុំជម្រះសាជាថ្មីទេ។ សេចក្តីសម្រេចរបស់តុលាការកំពូល គឺជាការទាត់ចោលនូវបណ្តឹងរបស់ អតីតសមាជិកជាន់ខ្ពស់របស់អតីតគណបក្សសង្រ្គោះជាតិ ដែលបានដាក់ពាក្យប្តឹងសើរើ ដើម្បីតុលាការកំពូលបើក សវនាការឡើងវិញ ចំពោះការសម្រេចរំលាយ គណបក្សសង្រ្គោះជាតិ និងកាត់ទោសមិនឱ្យមេដឹកនាំគណបក្សនេះ១១៨រូប ចូលប្រឡូកក្នុងឆាកនយោបាយរយៈពេល៥ឆ្នាំ។

ដីកាសម្រេចរបស់តុលាការកំពូល​ បានលើកយកសំអាងហេតុចំនួន៤ចំណុច​ ក្នុងការសម្រេចមិនលើកយកសំណុំរឿង រំលាយគណបក្សសង្គ្រោះជាតិ​ មកជំនុំជម្រះសាជាថ្មី​ ដោយតែតាមមាត្រា៤៥ថ្មី​ នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ​ សាលដីកាលេខ៣៤០​ (ឆ) ចុះថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ របស់តុលាការកំពូលនេះ​ មិនត្រូវបានអនុញ្ញាតឱ្យមានការបើកការជំនុំជម្រះសាជាថ្មី​ទេ​ គឺ​សាលដីកាដែលបិទផ្លូវតវ៉ា​។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ តុលាការកំពូល បានចេញសាលដីកា​រមួយ កាត់ទោស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ និង​ ផ្អាក​សកម្មភាព​នយោបាយ​របស់​បុគ្គល​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨រូប​ ហើយសម្រេច​បិទ​ផ្លូវ​តវ៉ា​ ។ ក្រោយពេលមានការកាត់ទោសនេះ ​ក្រសួង​មហាផ្ទៃ​ ក៏​សម្រេច​លុប​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​ ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ​ ហើយស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​​ ក៏ត្រូវបានទម្លាក់រួចរាល់​ហើយ​ដែរ​៕

ដោយ៖ ចេស្តា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print