ខេត្តបាត់ដំបង ៖ នគរបាលខេត្តបាត់ដំបងជាលើកដំបូងនោះហើយសម្រាប់ដើមឆ្នាំ២០១៨ បង្រ្កាបឧក្រិដ្ឋជនជួញ ដូរគ្រឿងញៀនជាង១គីឡូក្រាមក្រោមការដឹកនាំបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្តបាត់ដំបងទើបតែកាន់តំណែងជាស្នងការបានរយៈពេល៥ខែចុងក្រោយនេះលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ។ការបង្រ្កាបជនសង្ស័យជាឧក្រិដ្ឋជនគ្រឿងញៀននៅខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ២នាក់ ធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់យីហោ គាន ថៃ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំអនុវត្តផ្ទាល់កម្លាំងនគរបាលក្រុងបាត់ដំបង សហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងកម្លាំងនគរបាលផែនព្រហ្មទណ្ឌ ដែលមានការសម្របម្រួលដឹកនាំ ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោក នួន សាន។
បើតាមប្រភពព័ត៌មានពីកម្លាំងនគរបាលក្រុងបាត់ដំបងប្រាប់ឱ្យដឹងថា ការបង្រ្កាបជនសង្ស័យមេខ្លោងគ្រឿងញៀនបានសម្រេចនៅពេលនេះ កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតអស់រយៈពេល៣ទៅ៤ខែមកហើយ។បន្ទាប់មកនៅថ្ងៃខាងលើក៏ទទួលបានព័ត៌មានច្បាស់ការថាជនសង្ស័យគ្រឿងញៀនបាននិងសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ គាន ថៃ ហើយកម្លាំងនគរបាលក៏បានឆ្មក់ចូលបង្រ្កាបជនសង្ស័យគ្រឿងញៀន២នាក់នៅផ្ទះសំណាក់ខាងលើ ខណៈដែលពួកគេទាំង២នាក់នៅសម្ងំដើម្បីធ្វើសកម្មភាពដោះដូរគ្រឿងញៀន។
បើតាមប្រភពព័ត៌មានដដែលឱ្យដឹងថា ជនសង្ស័យគ្រឿងញៀន២នាក់មានឈ្មោះ ១, សាំ សេរី ហៅវ៉ា ភេទប្រុសអាយុ៣៨ឆ្នាំ រស់នោភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមង្គលសីម៉ា ខេត្តកុះកុង។២,លាង ដឿន ភេទប្រុសអាយុ៣៨ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។សមត្ថកិច្ចឆែកឆេរត្រួតពិនិត្យដកហូតបានថ្នាំញៀនមេតំហ្វេតាមីន១កញ្ចប់ធំ១០២៦,៧ក្រាម រថយន្តម៉ាកលុចស៊ីស៣០០គ្រឿង និងសម្ភារៈមួយចំនួនទៀតផងដែរ។
បើតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ជនសង្ស័យបានឆ្លើយសារភាពថាគ្រឿងញៀនខាងលើពួកគេនាំយក ពីភ្នំពេញដើម្បីយកមកដោះដូរនៅខេត្តបាត់ដំបង ខណៈដែលរងចាំមានការណាត់ជួបគ្នារវាងពួកខ្លួនជាអ្នកអ្នកផ្គត់ផ្គង់គ្រឿងញៀននិងអ្នកទិញនៅក្នុងបន្ទប់ផ្ទះសំណាក់នោះ ក៏មានកម្លាំងសមត្ថកិច្ចសម្រុកចូលបង្រ្កាបពួកគេបានតែម្តង។
ជនសង្ស័័យគ្រឿងញៀនទាំង២នាក់នៅថ្ងៃទី៨ ខែកុម្ភៈ កំពុងស្ថិតក្នុងការសាកសួរពីកម្លាំងនគរបាលការិយាល័យជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបន្តស្រាវ ជ្រាវស្វែងរកបង្រ្កាបចាប់ខ្លួនជនសង្ស័យបក្ខពួកមួយចំនួនទៀត មុននិងសមត្ថកិច្ចបញ្ជូនទៅ តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សំ វច្ឆិកា