ភ្នំពេញ៖ ម៉ូតូហុងដាឌ្រីមបោះពួយយ៉ាងលឿនទៅបុកនិង ម៉ូតូ ភូហ្សា ពីក្រោយពេញទំហឹងបណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ស្រាល២នាក់ហើយត្រូវបានរថយន្តសាម៊ុយដឹកយកទៅសង្គោះភ្លាមៗនៅមន្ទីរពេទ្យឯកជន។
គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពី ថ្ងៃ អង្គារ ៦ កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៨ ស្ថិតនៅចំណុច ចុងស្ពានអាកាស៧មករាប៉ែកខាងលិច តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅ មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GB-4623 ធ្វើដំណើរចុះពីលើស្ពានអាកាស៧មករា ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលចង្កូតទៅបុកនិងម៉ូតូមួយគ្រឿងទៀតម៉ាក ភូហ្សា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GG-4226 បើកបរដោយបុរសម្នាក់ដែលកំពង់បើកពីមុខស្របទិសគ្នាពីក្រោយពេញទំហឹង បណ្តាលអ្នកបើកម៉ូតូសេ១២៥នោះដួលបោកនិងថ្នល់រងរបួសធ្ងន់ចំណែកអ្នកបើកម៉ូតូ ភូហ្សា រងរបួសស្រាល ភ្លាមៗនោះប្រជាពលរដ្ឋបានទាក់ទងហៅរថយន្តសង្គ្រោះរបស់ក្លីនីក រស្មី ដឹកយកទៅសង្គ្រោះភ្លាម។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចនគរបាលចរាចរចុះមកវាស់វែងនិងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ដោយ៖ តុង សីហា