ភ្នំពេញ៖រឿងរ៉ាវនៃការចូលជួបសួរសុខទុក្ខអ្នកទោសក្នុងពន្ធនាគារទូទាំងប្រទេស ត្រូវមានប្រាក់មនោសញ្ចេតនា នោះ គឺលេចឮនិងនិយាយតៗគ្នាស្ទើរពេញត្រចៀកមហាជនទៅហើយ ។ បញ្ហានេះ បានក្លាយជាជំងឺមហារីកព្យាបាលមិនជា តែទោះយ៉ាងណា មន្ត្រីអ្នកនាំពាក្យពន្ធនាគារថា ការចូលជួបនេះ មិនតម្រូវឱ្យបង់ប្រាក់ទេ ។
អ្នកលេងហ្វេសប៊ុកជាច្រើននាក់ បាមបញ្ចេញយោបល់ផ្សេងៗគ្នាជុំវិញ ការលើកឡើងរបស់លោកនុត សវនា អគ្គនាយករងពន្ធនាគារ និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ កាលពីថ្ងៃទី២០ ខែកុម្ភៈ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារបន្ដ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅទីស្ដីក្រសួងមហាផ្ទៃ ដែលថា ការចូលសួរសុខទុក្ខអ្នកជាប់ឃុំនៅតាមពន្ធនាគារ និងតាមបណ្ដាមណ្ឌលអប់រំកែប្រែ ពីសំណាក់សាច់ញាតិអ្នកជាប់ឃុំ មិនត្រូវឱ្យមានការបង់ប្រាក់នោះទេ ព្រោះនេះជាសិទ្ធិមូលដ្ឋានរបស់អ្នកជាប់ឃុំ លើកលែងតែមានការហាមឃាត់ពីសមត្ថកិច្ចតុលាការតែប៉ុណ្ណោះ។
អ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ វី រ៉ាយ៉ា នូ សរសេរថា”អារឿងបង់ប្រាក់ទើបបានជួបនិងលឺឡើងសាំត្រចៀកហើយ មិនដឹងជាភ្ញាក់ផ្អើរអីទេ”។ ម្នាក់ទៀតឈ្មោះ ឃាន ទូច សរសេរថា”ទៅមើលអ្នកទោសម្តងអស់២០ម៉ឺនយ៉ាងតិច តាមប្រសាសន៍អ្នកនៅជិតខាងផ្ទះ”។ ប៉ុន្ដែអ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះSin Xinhua សរសេរថា”មិនមែនទេយើងឲ្យក៏បានមិនឲ្យក៏បានគ្មាននណាបង្ខំឲ្យបងលុយទេ”។
អ្នកដឹងរឿងច្បាស់ទម្លាយឱ្យដឹងថា ការជួបសួរសុខទុក្ខអ្នកទោសក្នុងពន្ធនាគារ ស្ទើរតែទាំងអស់ត្រូវតែបង់ប្រាក់ជូនមន្ត្រីពន្ធនាគារ ឬ ហៅសាមញ្ញថា ជាប្រាក់មនោសញ្ចេតនា ទើបការជួបសួរសុខទុក្ខនោះ ប្រព្រឹត្តទៅដោយរលូននិងគ្មានការរង្កៀសផ្លូវចិត្ត។
លោក នុត សវនា បានថ្លែងយ៉ាងដូច្នេះថា “យើងព្យាយាមក្រើនរំលឹកមន្ត្រីរបស់យើងនៅគ្រប់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ការសួរសុខទុក្ខ ជាសិទ្ធិមូលដ្ឋានរបស់ជនជាប់ឃុំ លើកលែងតែមានការហាមឃាត់ពីអាជ្ញាធរតុលាការ ចឹងបើគ្មានការហាមឃាត់ទេ ត្រូវតែអនុញ្ញាតឲ្យគេចូលជួបគ្រួសារគេ ហើយបញ្ហាទាំងអស់នេះ យើងមានទាំងបិទផ្លាកនៅតាមក្លោងទ្វារទៀតថា គ្មានការយកលុយទេចំពោះការសួរសុខទុក្ខ”។
ទោះជាយ៉ាងណាលោក នុត សវនា បានបញ្ជាក់ថា ចំពោះការយកលុយនោះមិនមែនជាគោលការណ៍នោះទេ ។ ប៉ុន្ដែប្រសិនបើអ្នកចូលសួរសុខទុក្ខ បានឲ្យលុយបន្ដិចបន្ទួចដល់អ្នកយាម គឺពិតជាមានមែនទេ តែនេះជាការផ្ដល់សារគុណ និងជាបង្ហាញពីទឹកចិត្តចំពោះអ្នកចូលជួបអ្នកឃុំប៉ុណ្ណោះ ហើយថវិកាទាំងនោះ គឺមន្ត្រីយកទៅប្រើប្រាស់ដើម្បីថែមទាំង និងសំអាតពន្ធនាគារ៕ចេស្តា