ខេត្តព្រៃវែង-ស្វាយរៀង៖ គម្រោងប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ ជំហានទី ២ ដែលមានសមត្ថភាពផ្គត់ផ្គង់ទឹកស្រោចស្រពដល់ដីស្រែប្រជាកសិករជាង ១០ ម៉ឺនហិកតា កំពុងត្រូវបានដំណើរការសាងសង់យ៉ាងមមាញឹក ។ ការងារសាងសង់ដែលត្រូវអនុវត្តនៅក្នុងជំហានទី ២ នេះ មាន ៖
– ជីកព្រែក ០២ ខ្សែ សរុបប្រវែង ១៥,៣០ គម
– សាងសង់ប្រឡាយមេ ០៣ ខ្សែ សរុបប្រវែង ៤១,៤០ គម
– ជីកព្រែកតភ្ជាប់ ០១ ខ្សែ ប្រវែង ២,៣០ គម
– សាងសង់ទំនប់សណ្តរ ចំនួន ០២ ខ្សែ សរុបប្រវែង ២២,៤០ គម
– សាងសង់សំណង់សិល្បការតូចធំ សរុបចំនួន ៤៤ កន្លែង
– សាងសង់ស្ថានីយបូមទឹក សរុបចំនួន ០៤ កន្លែង ។
គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រដ៏មានសក្តានុពលនេះ គ្រោងនឹងប្រើរយៈពេលប្រមាណ ៥២ ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋានកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៧ កន្លងទៅ ។ តាមការរំពឹងទុក គម្រោងនេះ នឹងផ្តល់ទឹកសម្រាប់ផ្គត់ផ្គង់ដល់ផ្ទៃដីបង្កបង្កើនផលស្រូវវស្សាប្រមាណ ៩៣.១០០ ហិកតា និងស្រូវប្រាំង ២៣.៣០០ ហិកតា បន្ថែមទៀត នៅក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង៕
ដោយ៖ សុខ ខេមរា