ភ្នំពេញ៖ ក្រោយបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា ដែលបានប្រព្រឹត្តទៅអស់រយៈពេល១៤ថ្ងៃ (១០-២៣ កុម្ភៈ) រួចមក សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រជាធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដឹកនាំសមាជិក-សមាជិកាគណបក្សប្រជាជនទូទាំងរាជធានីភ្នំពេញ ប្រកាសបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នេះជាផ្លូវការ នៅទីលានប្រជាធិបតេយ្យថ្មី ស្ថិតក្នុងខណ្ឌឫស្សីកែវ។
ពិធីប្រកាសបិទយុទ្ធនាការខាងលើនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំគណបក្ស សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណ ៦ពាន់នាក់។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ បានប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០-២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា នៅអំឡុងពេលនោះ មានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដែលបានធ្វើសកម្មភាពឃោសនាបោះឆ្នោត ដោយឡែកគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ មិនបានធ្វើសកម្មភាពឃោសនាបោះឆ្នោតឡើយ៕
ដោយ៖ ស រស្មី