ខេត្តរតនគិរី ៖ នៅពេលយប់មាន រថយន្តឡង់គ្រីស័រ កាត់ទ្រុង៥ ទៅ៦គ្រឿង និងម៉ូតូរាប់រយគ្រឿងបានសម្រុកចូលមក ដឹកឈើប្រភេទសុក្រំ, ឈើឈ្លីកឆ្លងកាត់ ច្រករបៀងលេខ១៩, ច្រករបៀងភ្នំក្រហម ក្នុងស្រុកអូរយ៉ាដាវ ដែលគ្រប់គ្រងដោយ វរនគរបាលការពារព្រំដែនលេខ៦២៣ មានលោកលោក ងួន សុវណ្ណា ជាប្រធាន និងយោធាវរៈការពារព្រំដែនលេខ១០២ មានលោក អ៊ុក សុធី ជាប្រធាន ។
នេះបើតាមការឲ្យដឹងពីប្រជាពលរដ្ឋរស់នៅស្រុកអូរយ៉ាដាវ បានលួចបង្ហើបប្រាប់ភ្នាក់ងារ កាសែតនគរវត្ត កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ។
ប្រជាពលរដ្ឋទាំងនោះបានបង្ហើបឲ្យដឹងទៀតថា ការលួចបើកច្រករបៀងទាំងនេះ ធ្វើឡើង ដោយក្រុមឈ្មួញវៀតណាមគប់ គិតគ្នាជាមួយមន្រី្តយោធា និងនគរបាល វរៈការពារព្រំដែនខ្មែរ ហើយក្នុងនោះមាន មន្ត្រីនគរបាលម្នាក់ ឈ្មោះ ចាន់ ដារ៉ា ហៅ យ៉ាត ធ្វើជាខ្នងបង្អែករឹងមាំឲ្យឈ្មួញឈើ វៀតណាមចូលមកលួចធ្វើផ្លូវឆ្លងចូលទៅដីវៀតណាមសម្រាប់ដឹកឈើពីកម្ពុជាទៅវៀតណាមយ៉ាងងាយស្រួល ។ មានគំនរឈើនិងសកម្មភាពដឹកជញ្ជូនឈើតាមរថយន្ត និង ម៉ូតូជាច្រើនគ្រឿងដើម្បីបញ្ចូលឃ្លាំងមេឈ្មួញវៀតណាមមិនទាន់អស់នៅឡើយ ត្រូវបានគេមើលឃើញកាលពីម្សិលមិញនេះ ។
ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋនៅស្រុកអូរយ៉ាដាវនេះ នៅព្រឹកថ្ងៃ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ភ្នាក់ងារកាសែតនគរវត្តមិនអាចសុំការបំភ្លឺពីលោក ងួន សុវណ្ណា ប្រធានវរនគរបាលព្រំដែនលេខ៦២៣ និង លោក អ៊ុក សុធី ប្រធានវរយោធាការពារព្រំដែនលេខ១០២បានទេ បន្ទាប់ពីគេដឹងថា ការលួចបើកច្រករបៀងដើម្បី បម្រើផលប្រយោជន៍បុគ្គលជារឿងខុស ច្បាប់នោះ ៕ សហការី