ខេត្តកំពង់ធំ៖ ម្តាយគ្រប់រូបតែងតែថ្នាក់ថ្នម ចិញ្ចឹមបបោសអង្អែលកូនៗជាទីស្រលាញ់ចង់ឱ្យល្អឱ្យកូនរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ដើម្បីអនាគត…តែកូនតិរច្ឆាននេះបែរជាតបស្នងគុណម្តាយដោយយកចបជីកមកសំពងក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗទៅវិញ?
ហេតុការណ៍ដ៍សង្វេគនេះបានកើតឡើងកាលវេលាម៉ោង១៨នឹង០០នាទីក្បាលព្រលប់ថ្ងៃទី២៤ខែកុម្ភ: ឆ្នាំ២០១៨ ចំណុចបរិវេណផ្ទះ ជនរងគ្រោះនឹងជនសង្ស័យស្ថិតនៅភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
ស្ត្រីរងគ្រោះឈ្មោះជា ឃីម ត្រូវជាម្តាយបង្កើតនៃជនសង្ស័យ អាយុ៦២(ស្លាប់)ទីលំនៅភូមិ ឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះនៅ វិន ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុខាងលើ។
បើយោងតាមសាក្សីនៅកន្លែងកើតឈ្មោះឌុច ផៃភេទស្រីអាយុ៥១នឹងសាក្សីម្នាក់ទៀតឈ្មោះកៅ បុល ភេទប្រុសអាយុ២៨ឆ្នាំ បានឱ្យដឹងថា៖ មុនពេលកើតហេតុស្ត្រីរងគ្រោះដែលត្រូវជាម្តាយជនសង្ស័យយកគោមកចងក្នុងបរិវេណផ្ទះ ស្រាប់តែកូនអប្រិយ៍ យកចបជីកដែលមានដងដែកទីបមកវ៉ៃម្តាយ តែម្តាយយកដៃរងបណ្តាលឱ្យបាក់ខាងស្តាំហើយលុតចង្គង់ដួលផ្កាប់មុខ កូនតិរច្ឆានយកដងចបមកសំពងក្បាលម្តាយប៉ែកខាងក្រោយ៣ទៅ៤ដងចបបណ្តាលឱ្យស្លាប់ភ្លាមៗ។ ក្នុងករណីនេះអ្នកជិតខាងដែលត្រូវជាក្មួយជាប្អូនរត់មកជួយដែរតែជួយមិនទាន់។
លោក ថោង សំភាច នាយប៉ុស្តិ៍នគរបាលឃុំកំពង់ថ្មបានឱ្យដឹងថា៖ ក្រោយទទួលព័ត៏មានពីកន្លែងកើតថាមានករណី ឃាតកម្មលោកបានបញ្ជាអោយកម្លាំងរបស់លោកនឹងកម្លាំងប្រជាការពារភូមិធ្វើការឃាត់ជនសង្ស័យបានភ្លាមៗ។
បច្ចុប្បន្នប៉ូលិសព្រហ្មទ័ណ្ឌស្រុកសន្ទុក កំពុងកសាងសុំណុំរឿងនឹងជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕
ដោយ៖ ប៊ុន រិទ្ធី