ប្រធានាធិបតីអាមេរិក គំរាមដំឡើងពន្ធរថយន្តដល់ប្រទេសអឺរ៉ុប

ចែករំលែក៖

គោលនយោបាយដំឡើងពន្ធនាំចូល របស់ប្រធានាធិបតីដូណាល់ ត្រាំបានធ្វើឲ្យ ប្រទេសជាច្រើននៅជុំវិញពិភពលោក ខឹង សម្បាយ៉ាងខ្លាំង ដោយប្រទេសទាំងនោះ បានគំរាម វាយបកវិញទៅលើអាមេរិក ។ ការដំឡើងពន្ធរបស់អាមេរិក គឺសំដៅទៅ លើប្រទេសទាំងអស់ ក្នុងនោះមានទាំង សម្ពន្ធមិត្តអឺរ៉ុបផងដែរ។ កាលពីថ្ងៃទី៥ខែ មីនា ប្រធានាធិបតីដូណាល់ ត្រាំបាន ប្រកាសដំឡើងពន្ធនាំចូលរថយន្តដល់ ប្រទេសអឺរ៉ុបទៀតផង។
លោកត្រាំបានប្រកាសថា ប្រទេសជា ច្រើន នៅជុំវិញពិភពលោក បានយក ចំណេញពីអាមេរិក ដោយកិច្ចព្រមព្រៀង ល្ងង់ខ្លៅ។ វិវាទកាន់តែខ្លាំងឡើងក្រោយពេលលោកត្រាំដំឡើងពន្ធ នាំចូលផលិត​ផលដែកថែប រហូតដល់២៥ភាគរយ និង ផលិតផល អាលុយមីញ៉ូម១០ភាគរយ គឺជាចំនួនយ៉ាងច្រើនអាចបង្កឲ្យមានវិវាទ កាន់តែខ្លាំងឡើង។
សកម្មភាពរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ពេលនេះ អង្គការពាណិជ្ជ កម្មពិភពលោក WTO បានចេញមុខប្រឆាំង ដោយព្រមានថា សង្គ្រាមពាណិជ្ជកម្មនឹង កើតឡើង ធ្វើឲ្យសេដ្ឋកិច្ចពិភពលោកជួប វិបត្តិជាមិនខាន។
អគ្គនាយកអង្គការ WTO បានអំពាវនាវ ដល់ប្រទេសជាសមាជិក ឲ្យមានការប្រុង ប្រយ័ត្នខ្ពស់ ក្នុងការសម្រេចនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម បញ្ចៀសសង្គ្រាម ពាណិជ្ជកម្មកើតឡើង ដោយការសងសឹកគ្នាទៅវិញទៅមកលើវិស័យពាណិជ្ជកម្ម។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំជាមួយប្រទេសជាសមាជិកនៅទីស្នាក់ការកណ្តាលក្នុងទីក្រុងហ្សឺណែវ អគ្គនាយក WTO លោក Roberto Azevedo បានព្រមានថា វិស័យពាណិជ្ជកម្មនៅលើពិភពលោកកំពុងតែមានបញ្ហាធំ នៅពេលប្រទេសជាច្រើន បានប្រកាស វាយបកទៅលើអាមេរិកវិញ ដើម្បីជាការសងសឹកនឹងការដំឡើងពន្ធ។
អគ្គនាយកWTO បន្តទៀតថា សកម្ម ភាព «ស៊ីសង គ្នាភ្លាមៗ» កំពុងតែ ជំរុញឲ្យសេដ្ឋកិច្ចពាណិជ្ជកម្មពិភពលោក ធ្លាក់ក្នុង វិបត្តិទ្រង់ទ្រាយធំ។
ក្តីបារម្ភពីសង្គ្រាមពាណិជ្ជកម្មផ្ទុះឡើង ក្រោយពេលដែលអឺរ៉ុប ព្រមានវាយបក ទៅលើប្រធានាធិបតីដូណាល់ ត្រាំថា បើហ៊ានដំឡើង ពន្ធនាំចូលនោះ។ សហ ភាពអឺរ៉ុបនាដើមសប្តាហ៍នេះ បានចេញ មុខព្រមានចាត់វិធានការតបត តាមរយៈការយកពន្ធពីផលិតផលម៉ាកល្បីៗរបស់សហរដ្ឋអាមេរិក ប្រសិនបើប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ពិតជា សម្រេចជ្រើសរើសការទារពន្ធ ទៅលើផលិត ផលដែកថែប និងអាលុយមីញ៉ូម ដែល នាំចូលពីអឺរ៉ុបមែននោះ។ នេះបើតាមការ ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅរសៀលថ្ងៃអង្គារ ទី៦ ខែមីនា ឆ្នាំ២០១៨។
បើតាមសហភាពអឺរ៉ុប (EU) លោក ស្រី សេលីលា ម៉ាមស្ត្រម (Cecilia Malmstrom) ដែលជាស្នងការទទួលបន្ទុកផ្នែកពាណិជ្ជកម្មរបស់ EU បានឲ្យដឹងថា ខោ ខូវប៊យម៉ាក Levi’s និងផលិតផលស្រាវីស្គី Bourbon របស់សហរដ្ឋអាមេរិក អាចត្រូវ ទទួលរងការហូតពន្ធនាំចូលដល់ទៅ ២៥ ភាគរយ ហើយម៉ូតូរបស់ក្រុមហ៊ុន Harley-Dividson ដែលជាប្រភេទម៉ូតូធំដ៏ល្បីមួយ នោះ ក៏ស្ថិតក្នុងបញ្ជីព្រាងនៃផលិតផល អាមេរិក ដែលនឹងត្រូវយកពន្ធផងដែរ។
គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន លោក ដូណាល់ ត្រាំ បាន ប្រកាសថា សហរដ្ឋអាមេរិក កំពុងគ្រោង នឹងដាក់ចេញនូវចំណាត់ការយកពន្ធក្នុង អត្រា ២៥ភាគរយ ទៅលើការនាំចូលផលិត ផលដែកថែប និង ១០ភាគរយ ទៅលើ អាលុយមីញ៉ូម៕ ម៉ែវ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print