ភ្នំពេញ ៖ លោក ស្រីសេង គឹមមួយ អាយុ៧០ឆ្នាំនិងកូនក្មួយបានដាក់ពាក្យបណ្តឹងទាំងបទព្រហ្មទណ្ឌទៅប៉ុស្តិ៍ទួលសង្កែទី១និងប្តឹងអាជ្ញាធរសង្កាត់ទួលសង្កែទី១រហូតដល់ខណ្ឌឫស្សី ពីបទរដ្ឋបវេណីបន្ទាប់ពីឈ្មោះឡោជីកងបានសង់របងថ្មនិងផ្ទះរំលោភលើដីលើលូរបស់គាត់និងបិទលូសាធារណៈបណ្តាលឱ្យស្ទះទឹកហើយព្រួតគ្នាជេរនិងវាយគាត់ទៀត ។
យោងតាមពាក្យបណ្តឹងរដ្ឋបវេណីរបស់លោកស្រី សេងគឹមមួយចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ បានរៀបរាប់ថា កន្លងមកឈ្មោះ ឡោ ជីកង បានសាងសង់របងនិងផ្ទះកៀកនឹងជញ្ជាំងផ្ទះរបស់គាត់ដែលដីនៅសល់២ម៉ែត្រ ហើយនឹងសង់លើលូសាធារណៈរួចបិទលូនោះចោលទៀត បណ្តាលឱ្យពេលមានភ្លៀងស្ទះលូជាខ្លាំង ជាងនេះទៅទៀតការសាងសង់នោះខុសទាំងស្រុងព្រោះពុំបានផ្តិតមេដៃជាប់ព្រុំឡើយ ។
បើតាមស្ត្រីជាជនរងគ្រោះ ឈ្មោះសេងគឹមមួយ រស់នៅផ្ទះលេខ២២៩០ ក្រុមទី១៣ ភូមិផ្សារតូចសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បានឱ្យដឹងថា ដីគាត់នៅសល់ខាងក្រោយទទឹង២ម៉ែត្រ បណ្តោយ១០ម៉ែត្រ ហើយមានលូរំដោះទឹកធំទំហ៊ំប្រហែល១ម៉ែត្រពីក្រោម ក្រោយមកនៅឆ្នាំ២០១៧ត្រូបានឈ្មោះ ឡោ ជីកង សង់របងនិងសង់ផ្ទះចូលដីគាត់អស់រលីងរហូតមកដល់ជញ្ជាំងផ្ទះរបស់គាត់ ហើយគាត់ក៏បានដាក់ពាក្យបណ្តឹងទៅសាលាសង្កាត់ទួលសង្កែ និងខណ្ឌហើយអាជ្ញាធរក៏ហៅភាគីទាំង២ទៅសម្របសម្រួលតែ ឈ្មោះ ឡោជីកងមិនបានទៅទេដោយនៅតែបន្តការសាងសង់រហូតរួចរាល់ ។ មិនតែប៉ុណ្តោះពេលលោកស្រី សេង គីមមួយ ទៅឃាត់បានបាញ់ទឹកស្អុយដាក់គាត់និងជេរឌៀមដាមរាល់ថ្ងៃ រហូតដល់ង្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ ឈ្មោះ ឡោ ជីកង បានឱ្យកូនចៅបង្កអំពើហិង្សាបណ្តាលឱ្យមានរបួសស្នាមមកលើក្រុមគ្រួសារលោកស្រី សេង គីមមួយ ទៀតផង ។
ស្ត្រីរងគ្រោះបានបន្តថា បន្ទាប់ពីវាយមកលើក្រុមគ្រួសារបណ្តាលឱ្យរបួសស្នាមគាត់ក៏បានទៅ ប្តឹងនៅប៉ុស្តិ៍ទួលសង្កែទី១ តាំងពីថ្ងៃនោះមកនគរបាលប៉ុស្តិ៍មិនបានឃាត់ខ្លួន ឬហៅជនបង្កទៅដោះស្រាយគ្នាទេ ដោយស្ងាត់ឈឹងដូចចោរលួចសេះ ។ រីឯអាជ្ញាធរខណ្ឌឫស្សីក៏មិនអាចទៅ ហាមឃាត់មិនឱ្យសាងសង់ ឬហៅភាគីលោក ឡោ ជីកង ទៅដោះស្រាយបានដែរ ។
ពាក់ពន្ធ័នឹងបញ្ហាខាងលើ ស្ត្រីរងគ្រោះសំណូមពរទៅលោក ជាពិសីអភិបាលខណ្ឌឫស្សីកែវនិងអ្នកពាក់ពន្ធ័មេត្តាជួយដោះស្រាយបញ្ហាឲ្យគាត់ផង ព្រោះគាត់សង្ឃឹមទៅលើអាជ្ញាធរដែលជាម៉ែជាឪ ។
ពាក់ព័ន្ធនឹងករណីការចោទប្រកាន់ខាងលើនេះ កាសែតនគរវត្ត មិនអាចសុំការបំភ្លឺពីលោក ឡោ ជីកង បានទេ ព្រោះពេលអ្នកសារព័ត៌មានចុះទៅយកព័ត៌មាននៅទីនោះក៏ត្រូវកូនចៅរបស់បាញ់ទឹកដាក់ផងដែរ ៕ស តារា