កម្លាំងកងរាជអាវុធហត្ថចាប់ចោរប្លន់លុយពីម្ចាស់ហាងកាហ្វេ យីហោ Wring Cafe នៅព្រែកលៀបបានហើយ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា សហការជាមួយអាវុធហត្ថរាជធានី កម្លាំងអាវុធហត្ថខណ្ឌ ពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី៩ ខែមីនា​ ឆ្នាំ២០១៨នេះ បានកំណត់មុខសញ្ញាឈានដល់ចាប់ខ្លួនជនសង្ស័យបានហើយ នៅចំណុច​បន្ទប់​ជួល ភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​៣ ខណ្ឌពោធិ៍​សែនជ័យ ក្រោយជននេះបានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូមួយគ្រឿង , ទូរស័ព្ទ និងលុយ​ប្រហែល២០ម៉ឺនរៀល​ពីម្ចាស់ហាងកាហ្វេ យីហោ Wring Cafe មាន​ទីតាំងនៅភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយ ចង្វា រាជធានីភ្នំពេញ ។

គួររំឭកថា កាលពីម៉ោង៨និង៣០នាទី យប់ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.​២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីប្លន់នៅចំណុចហាង​កាហ្វេយីហោ Wring Cafe ឋិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងសង្កាត់-ខណ្ឌ​ជ្រោយចង្វា រាជធានីភ្នំពេញ ដោយមានជនសង្ស័យម្នាក់ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ មួយគ្រឿង ទូរស័ព្ទ និងលុយប្រហែល២០ម៉ឺនរៀលពីម្ចាស់ហាយកាហ្វេយីហោ Wring Cafe រួចគេចខ្លួនបាត់ស្រមោល ។

ជនរងគ្រោះមានឈ្មោះ លឹម ខេងហួរ ភេទស្រី អាយុ៣៨ឆ្នាំ ម្ចាស់ហាងកាហ្វេ មានទីលំនៅស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ បច្ចុប្បន្ន ជនរងគ្រោះកំពុងដាក់ពាក្យបណ្តឹង នៅអាវុធហត្ថខណ្ឌជ្រោយចង្វា។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យជិះរថយន្ដតាក់ស៊ីមួយគ្រឿង មិនដឹងមកពីទីកន្លែងណាទេ បានចូលមកផឹកកាហ្វេនៅកន្លែងកើតហេតុ ។ ខណៈអង្គុយ ផឹកកាហ្វេបានប្រហែលកន្លះម៉ោង ឃើញឱកាសល្អនឹងស្ងាត់ផងនោះ គឺមានតែអ្នកលក់ជា នារីពីរនាក់ ភ្លាមនោះជនសង្ស័យបានធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូមួយគ្រឿង ម៉ូតូម៉ាកHonda SH ពាក់ស្លាកលេខភ្នំពេញ1GJ-8157មួយគ្រឿង ទូរស័ព្ទម៉ាក Samsung​មួយគ្រឿង និងលុយប្រហែល២០ម៉ឺនរៀល រួចជិះម៉ូតូគេចខ្លួនបាត់ ។

បន្ទាប់ពីកើតហេតុជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាល និងកម្លាំងកង រាជអាវុធហត្ថចុះមកដល់កន្លែងកើតហេតុ រួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅអាវុធ ហត្ថខណ្ឌជ្រោយចង្វា ដើម្បីដាក់ពាក្យបណ្តឹង និងកំណត់មុខសញ្ញាស្រាវជ្រាវចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

បច្ចុប្បន្ន កម្លាំងកងរាជអាវុធហត្ថកំពុងសួរនាំជនសង្ស័យខាងលើ នៅបញ្ជាការដ្ឋាន និងបន្តស្រាវជ្រាវចាប់បក្ខពួក ដើម្បីយកមកផ្តន្ទាទោសតាម ច្បាប់ ៕ ដោយ ៖ ស៊ូ សុងប៊ុន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print