ភ្នំពេញ៖ ក្រោយពីផ្សារច្បារអំពៅត្រូវអគ្គីភ័យឆាបឆេះកាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ អស់តូបលក់ដូរជិតពាក់កណ្តាល បើគិតជាទឹកប្រាក់អស់ជិត៥លានដុល្លារ ពេលនេះក្រុមការងាររបស់សាលារាជធានីភ្នំពេញនិងសាលាខណ្ឌច្បារអំពៅ បានចុះមកសិក្សាគំរោងសាងសង់ដំបូលនិងធ្វើរបងស័ង្កសីហ៊ំព័ទ្ធតូបលក់ដូរដែលនៅសេសសល់ដើម្បីអោយអាជីវករលក់ដូរបណ្តោះអាសន្ននិងការពារសុវត្ថិភាពខ្លាចមានជនខិលខូចចូលលួចទ្រព្យសម្បត្តិរបស់អាជីវករ ។
ចំណែកកំទេចកម្ទីដែលជាសំណល់សល់ពីព្រះអគ្គីត្រូវបានក្រុមការងារកំពុងពន្លឿនការដឹកជញ្ជូនចេញពី គំនរបាក់បែកដើម្បីបង្កលក្ខណៈ ងាយស្រួលដល់ក្រុមការងារសាងសង់ដំបូល ។
លោកថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅដែលដឹកនាំកម្លាំងចុះពន្លឿនការប្រមូលកំទេចកម្ទីចេញពីគំបាក់បែកបានប្រាប់ដូច្នេះថា ក្រោយកើតគ្រោះអកុសលក្រុមការងារសាលារាជធានីភ្នំពេញនិងសាលាខណ្ឌច្បារអំពៅបានចុះមកពិនិត្យនៅកន្លែងរងគ្រោះនិងសិក្សាពីគំរោងដែលត្រូវធ្វើដំបូលផ្សារអោយអាជីវករ ដោយឡែកតូបលក់ដូរដែលនៅសេសសល់ពីភ្លើងឆេះនិងត្រូវធ្វើរបងស័ង្កសីព័ទ្ធជុំវិញដើម្បីការពារសុវត្ថិភាព ទុកអោយអាជីវករចូលលក់ដូរបណ្តោះសាសន្ន ។ តែពេលនេះក្រុមការងារមិនទាន់បានសាងសង់នៅឡើយទេ ព្រោះកំពុងពន្លឿនការជញ្ជូនកំទេចកម្ទីចេញពីតំបន់រងគ្រោះអោយអស់សិនទើបចាប់ផ្តើមសាងសង់ដំបូលនិងរបង ។
លោកអភិបាលរងបានបន្ត ដើម្បីជំរុញការងារដឹកជញ្ជូនសំណល់បាក់បែកអោយបានឆាប់ពេលនេះគ្រឿងចក្រចំនួន៣គ្រឿងនិងរថយន្តសម្រាប់ដឹកជាច្រើនគ្រឿងទៀតបានមកដល់ទីតាំងរងគ្រោះហើយ ដោយតម្រូវអោយធ្វើការទាំងថ្ងៃទាំងយប់ ។ បើតាមការវាយតម្លៃពីទំហ៊ំការងារនេះ ក្នុងចន្លោះពី៣ថ្ងៃទៅ៥ថ្ងៃក្រុមការងារនឹងសម្រុកដឹកជញ្ជូនកំទេចកម្ទីចេញពីទីតាំងរងគ្រោះអោយរួចរាល់ ដើម្បីបង្កលក្ខណៈងាយស្រួលក្រុមការងារផ្នែកសាងសង់របងនិងដំបូលផ្សារ ចំណែកតូបលក់ដូរដែលត្រូវភ្លើងឆេះអាជីវករយល់ព្រមធ្វើដោយខ្លួនឯងទៅតាមទំហ៊ំតូបដែលមានស្រាប់ ។
សូមបញ្ជក់ថាតូបដែលត្រូវភ្លើងឆេះអស់មានចំនួន៦៤៦តូប ក្នុងចំណោម១៤៤៧តូប បើគិតជាទឹកប្រាក់បាត់បង់ដោយសារព្រះអគ្គីនេះមានជិត៥លានដុល្លារនេះបើយោងតាមការបញ្ជាក់របស់លោកគ្រី ហុច អនុប្រធានគណៈកម្មាការផ្សារច្បារអំពៅ ។ តែជាសំណាងល្អដែរខូចខាតតែសម្ភារៈនៅក្នុងតូបលក់ដូរប៉ុណ្ណោះមិនប៉ះពាល់ដល់ជីវិតមនុស្សឡើយ ចំពោះមហន្តរាយនេះកើតឡើងដោយសាទុស្សេខ្សែបណ្តាញចរនកតអគ្ឡីសនីនៅក្នុងផ្សារ ៕
ដោយ៖ សណ្តោស