ខេត្តកណ្តាល ៖ កម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ បានបញ្ជូន ក្រុមKTS ដៃឆៅកាប់សម្លាប់ទៅលើយុវជនទៅលេងបុណ្យបញ្ចុះខណ្ឌសីមា ស្លាប់នៅក្នុងថ្លុកឈាម នៅស្រុកកោះធំ មកសាលាដំបូងខេត្តកណ្តាលដើម្បីបន្តរនីតិវិធីទៅតាមផ្លូវច្បាប់។
បច្ចុប្បន្នក្រុមជនដៃដល់កំពុងស្ថិតក្រោមការសាកសួររបស់លោក សូ សុវិទ្យា ព្រះរាជអាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល។
ជនសង្ស័យរួមមានទី១-ឈ្មោះ គាត សំណាង ហៅឡេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ រត់តុការ ជាជនដៃដល់ ទី២-ឈ្មោះ ហោ សោភ័ណ្ឌ(ហៅឡុង) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកប៉ុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ រត់តុការ ជាអ្នកចូលរួម ទី៣-ឈ្មោះ ឌី ឌឿន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍រាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ ទី៤-ឈ្មោះ បេង តាំងអេង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កាប់ជ្រូកលក់ ទី៥-ឈ្មោះ វ៉ាន់ សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ទី៦-ឈ្មោះ យឹម ឌីណា ភេទប្រុស អាយុ១៨ឆ្នាំ ភូមិព្រែកស្តី ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តតាកែវ។
ជនរងគ្រោះ ០១នាក់ ឈ្មោះ ចេក ភាព ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករបើកម៉ូតូលក់ទឹកកក។
សូមបញ្ជាក់ថា៖នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណជា១៨ និង០០នាទី ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកSUZUKI NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DH-2039 តែម្នាក់ឯងចេញពីផ្ទះទៅលេងបុណ្យបញ្ចុះខណ្ឌសីមាវត្តកោះទៀវ ស្ថិតនៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ លុះនៅវេលាម៉ោងកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះ ចេក ភាព ជិះម៉ូតូចេញពីវត្តត្រលប់មកផ្ទះវិញដល់ចំណុចខាងត្បូងស្ពានព្រែកគង់ ចម្ងាយប្រមាណ៥៥ម៉ែត្រ ស្ថិតនៅលើចិញ្ចើមផ្លូវជាតិ២១ចំហៀងខាងកើត ស្រាប់តែមានជនសង្ស័យពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកខាងឆ្វេង បណ្ដាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង ។
ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាន ដឹកនាំដោយលោកអធិការ សហការជាមួយការិយាល័យនគរបាលបច្ចេកទេស នឹង វិទ្យាសាស្រ្តខេត្ត ប៉ុស្ដិ៍រដ្ឋបាលសំពៅពូន លោកគ្រូពេទ្យ នឹងក្រុមគ្រួសារសព ដេីម្បីធ្វេីការពិនិត្យ កន្លែងកេីតហេតុ នឹង ពិនិត្យសាកសព ឃេីញថាៈ ជនរងគ្រោះមានស្លាកស្នាម នៅលេី កខាងឆ្វេងប៉ះទង្គិចនឹងវត្ថុរឹងមុខមុត មានទំហំ0៦ស.មx០៨ស.ម ជម្រៅ ដល់ឆ្អឹង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីទៀតឡេីយ។
វត្ថុតាងចាប់យកៈ ម៉ូតូចំនួន ០២គ្រឿង ម៉ាក Honda SL ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ០១គ្រឿង និងម៉ាកSuzuki Nex ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ 1U-5738 ១គ្រឿង, ដាវចំនួន២ដើម កាំបិតចំនួន២ដើម, ទូរស័ព្ទចល័តចំនួន៦គ្រឿង ៕ ឆ ដា