ភ្នំពេញ ៖ តម្លៃខ្លួនចេញច្រៀងរបស់នាងចឺមបានហក់ឡើងខ្លាំងស្ទើតែស្មើតារាចម្រៀងលំដាប់ជួរមុខក្នុងផលិតកម្មធំៗ។ ក្រោយរកចំណូលបានក្រាស់ក្រែលតារារូបនេះបានចំណាយលុយជាង១៤ម៉ឺនដុល្លារអាមេរិកដើម្បីសង់លំនៅដ្ឋានប្រណីតជូនអ្នកមានគុណ។
ក្រោយធ្វើឲ្យផ្ទុះការគាំទ្រលើវិស័យសិល្បៈចម្រៀងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ នាយចឺម បានផ្អាកការងារកំប្លែងនៅទូរទស្សន៍ដោយងាកមកកើបលុយលើឆាកតន្ត្រីវិញ។ តារាចម្រៀងរូបនេះត្រូវបានគេប៉ាន់ប្រមាណថាអាចរកចំណូលពីការច្រៀងស្មើនឹងតារាចម្រៀងលំដាប់B ដែលមានតម្លៃខ្លួនចម្លោះពី១៣០០ដុល្លារអាមេរិកទៅ២ពាន់ដុល្លារអាមេរិក ក្នុងការឡើងច្រៀងមួយលើកៗ។ ក្រៅពីការច្រៀងតារារូបនេះធ្លាប់ចាប់បានឱកាសថតភាពយន្តជាច្រើនបន្តបន្ទាប់ និងការបញ្ចេញក្រុមវង់តន្ត្រីសម័យផ្ទាល់ខ្លួនតានទីជនបទស្រុកស្រែចម្ការផងដែរដែល មិនពិបាកនឹងធ្វើឲ្យតារារូបនេះគៀងគរប្រាក់ចំណូលជួយគ្រួសារនោះឡើយ។ ថ្មីៗនេះនាយ ចឺម បានធ្វើពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសង់វីឡា១ ជូនអ្នកមានគុណរបស់ខ្លួនមានតម្លៃប្រមាណ ១៤ម៉ឺនដុល្លារ។ ការសាងសង់ផ្ទះជូនម្ដាយស្ថិតនៅ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
តារាចម្រៀងវ័យក្មេងរបស់ផលិតកម្មសាន់ដេរូបននេះ និយាយថា ការសម្រេចចិត្តសាងសង់ផ្ទះជូនអ្នកមានគុណរបស់ខ្លួន គឺដើម្បីតបស្នងសងគុណអ្នកមានគុណទាំងពីរ បានផ្ដល់កំណើត រួមនឹងការបីបាច់ថែរក្សារហូតដល់នាយ មានមុខមាត់ដូចបច្ចុប្បន្ន។ នាយ ចឺម បានបញ្ជាក់ថាទាន់យើងមានលុយ និងអាចរកលុយបានច្រើន។ ដូច្នេះយើងត្រូវតបស្នងទៅគាត់ឱ្យ ចាំដល់គាត់ស្លាប់ចាំធ្វើ មិនមែនជារឿងល្អទេ។នាយចឺមទទួលស្គាល់ថាថវិការសាងសង់ផ្ទះជូនម្ដាយ គឺបានមកពីទីផ្សារចម្រៀងរបស់ខ្លួនកំពុងឡើងខ្លាំងពិតមែន។
ម្យ៉ាងថវិការទាំងនេះក៏បានមកពីការសន្សំរបស់នាយកាលនៅក្រុមកំប្លែង CTN ផងដែរ។ នាយ ចឺម បន្ថែមថា នេះក៏ជាក្ដីស្រមៃនាយ បានគិតទុកជាយូរយាណាស់មកហើយផងដែរ។ ដូច្នេះនាយ ពិតជារំភើប និងសប្បាយរីករាយយ៉ាងខ្លាំងដែលខ្លួនអាចបំពេញក្ដីស្រមៃជូនអ្នកមានគុណនោះ៕ ដោយ វឌ្ឍនា