ភ្នំពេញ៖ក្រុមគ្រួសារជនជាប់ចោទ បានប្តឹងមេធាវីពីរនាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយចោទប្រកាន់ថា បានទទួលប្រាក់ជាង២ម៉ឺនដុល្លារអាមេរិក ដើម្បីរត់ការជាមួយតុលាការដោះលែងតែមិនបានសម្រេច ។ សាមីខ្លួនជាមេធាវីបានបដិសេធការចោទប្រកាន់នេះ ដោយថា ធ្វើតាមកាតព្វកិច្ចនិងវិជ្ជាជីវៈប៉ុណ្ណោះ ។
មេធាវីរងបណ្តឹងនេះ គឺ លោក នូ ចន្ថា និង លោក ថា សុភ័ក្ត្រ ជាក្រុមមេធាវីនៃការិយាល័យមេធាវី អិន ស៊ី ធី មានទីតាំងផ្ទះលេខ៣០ អឺ១ ផ្លូវ៣៥០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នៅក្នុងពាក្យបណ្តឹង មានឈ្មោះ ព្រំ ផល្លី និងឈ្មោះ ព្រំ ចន្នី ជាដើមបណ្តឹង ដោយបានរៀបរាប់ថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ប្តីរបស់បងប្អូនពួកគាត់ ទី១ឈ្មោះ ស៊ុន សៀង និងទី២ឈ្មោះ ហេង សាន មានរឿងរ៉ាវ នៅតុលាការ ដោយមានដីកាឃុំខ្លួនចំនួនពីរសំណុំរឿងផ្សេងគ្នា។
ក្រោយមក មានមន្ត្រីធំម្នាក់នៅសាលាឧទ្ធរណ៍ បានណែនាំពួកគាត់ឱ្យទៅពឹងពាក់លោកមេធាវី នូ ចន្ថា និងលោកមេធាវី ថា សុភ័ក្ត្រ ឱ្យជួយការពារក្តីឱ្យ ជនជាប់ចោទឈ្មោះ ស៊ុន សៀង និងឈ្មោះ ហេង សាន ដោយបង់ប្រាក់ថ្លៃសេវាការពារចំនួន ៥០០០ដុល្លារ និងឱ្យលុយចំនួន ២៥០០០ដុល្លារដើម្បីយកទៅ សូកតុលាការ ឱ្យជួយពន្លឿនការបើកសវនាការជំនុំជម្រះក្តី និងដោះលែងជនជាប់ចោទឱ្យមានសេរីភាពវិញ។
ពាក្យបណ្ដឹងដដែលបានរៀបរាប់បន្ដថា លុយ ២៥០០០ដុល្លារនោះ គឺលោកមេធាវី នូ ចន្ថា និងលោកមេធាវី ថា សុភ័ក្ត្រ សន្យាថាយកទៅ ជូនតុលាការ ដើម្បីឱ្យបើកសវនាការជំនុំជម្រះទោស និងសម្រេចដោះលែងជនជាប់ចោទ ឈ្មោះ ស៊ុន សៀង និងឈ្មោះ ហេង សាន ឱ្យមានសេរីភាពវិញត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ។ ប៉ុន្តែបែរជាមិនអាចធ្វើបានទើបដើមបណ្តឹងសម្រេចចិត្តដាក់ពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ ឱ្យជួយរកយុត្តិធម៌ឱ្យតែម្តងទៅ។
ពាក់ព័ន្ធករណីពលរដ្ឋប្តឹងនេះ លោកមេធាវី នូ ចន្ថា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះថា លោកមិនបានដឹងរឿង លុយកាក់យកទៅសូកប៉ាន់តុលាការអ្វីនោះទេ លោកដឹងត្រឹមត្រូវទៅការពារសិទ្ធិជូនកូនក្តីតាមកាតព្វកិច្ច និងវិជ្ជាជីវៈតែប៉ុណ្ណោះ រឿងអ្នកណាពុករលួយជារឿងរបស់គេ លោកអត់ដឹងនោះទេ៕ ចេស្តា