ភ្នំពេញ៖លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី០២ ខែមេសា នេះ ពុំទាន់បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទេ ដោយកំពុងស្ថិតនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ចំណែកជនសង្ស័យ៥នាក់រួមមានលោកឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ជាបងប្រុសបង្កើតលោកឡាយ វណ្ណៈ កំពុងស្ថិតក្រោមការសាកសួររបស់លោកព្រះរាជអាជ្ញារង សៀង សុខ ។
លោក ឡាយ វណ្ណៈ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅមុខវិទ្យាល័យ ជា ស៊ីម តាកែវ ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ស្ថិតនៅចំងាយ ប្រមាណ១៥០ម៉ែត្រ ពីកន្លែងប្រារព្ធពិធីផ្ទេរប្រធានបក្សខេត្ត កាលពីរសៀលថ្ងៃទី០១ ខែមេសា ។
សមត្ថកិច្ចមានគ្នា៤ទៅ៥រថយន្ត បានឃាត់រថយន្តរបស់លោក ឡាយ វណ្ណៈ ដោយសមត្ថកិច្ចបានបង្ហាញដីកាបញ្ជាឱ្យចូលខ្លួន របស់លោកសៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយបាននាំលោក ឡាយ វណ្ណៈ មកកាន់រថយន្តសមត្ថកិច្ច នាំមកទៅកាន់រាជធានីភ្នំពេញ។
ដីកាបញ្ជាឱ្យចូលខ្លួនដែលចេញដោយលោកព្រះរាជអាជ្ញារង សៀង សុខ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចនាំខ្លួន លោក ឡាយ វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមន្ត្រីក្រសួងមហាផ្ទៃ (អតីតអភិបាលខេត្តតាកែវ) ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មកបង្ហាញខ្លួន នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសាកសួរពីដំណើររឿង ឃាតកម្ម កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុះផ្ទះជួល ក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
លោក ឡាយ វណ្ណៈ សារភាពថា មានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី ចេវ សុវឌ្ឍនា ដែលត្រូវបានគេប្រទះឃើញស្លាប់ ក្នុងរូបភាពចងកក្នុងវីឡាមួយកន្លែង នៅក្រុងដូនកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។
លោក ឡាយ វណ្ណៈ ជាជនសង្ស័យទី៦ហើយ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធការស្លាប់របស់អ្នកស្រី ចេវ សុវឌ្ឍនា។ ជនសង្ស័យ៥នាក់ផ្សេងទៀត រួមមាន លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ, ឈ្មោះ ចាន់ រី ភេទស្រី និងប្តីឈ្មោះ ជឹម វុធ ជាអ្នកបំរើនៅផ្ទះនាង ចេវ សុវឌ្ឍនា, ឈ្មោះ មេន សម័យ អ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ និងឈ្មោះ តាក់ រតនា ជាអ្នកបើកឡានឲ្យលោក ឡាយ ណារិទ្ធ៕
ដោយ៖ ចេស្តា