តាមការប្រកាស របស់ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា៖ កម្លាំងទាហានអុីស្រាអ៊ែល បានផ្ទុះអាវុធទៅលើក្រុមបាតុករ ជនជាតិប៉ាឡេស្ទី នៅតាមបណ្តោយព្រំដែនជាប់ប្រទេសអុីស្រាអែល ។
តាមការបញ្ជាក់របស់ មន្ទីរសុខាភិបាលនៅកាហ្សាបានឲ្យដឹងថា៖ ការប៉ះទង្គិចគ្នាជាថ្មីបណ្តាលឲ្យបាតុករ៤៩នាក់រងរបួស ។ ពលរដ្ឋប៉ាឡេស្ទីនជាច្រើនបានចូលរួមនៅក្នុង ពិធីសង្ហែរក្បួនព្យុះហយាត្រាទ្រង់ទ្រាយធំ អូសបន្លាយរហូតដល់១ខែ នៅតាមព្រំដែន ដែលមានឈ្មោះថា The great Return March ស្តីពីសិទ្ធវិលត្រឡប់ទៅកាន់មាតុភូមិ របស់ក្រុមជនភៀសខ្លួនប៉ាឡេស្ទីន ។
បាតុកម្មក្លាយជាហឹង្សានៅថ្ងៃដំបូងតែម្តង ក្រោយពេលដែល កម្លាំងទាហាន អុីស្រាអែល បាញ់គ្រាប់បែកផ្សែង ដើម្បី បំបែក ក្រុមបាតុករ ក្រោយពេល បាតុករទាំងនោះបានចូលទៅកៀករបងសន្តិសុខ ។ នៅក្នុងការប៉ះទង្គិចគ្នាថ្ងៃដំបូង មានមនុស្ស ១៥នាក់ស្លាប់ និង ជាង១៥០០នាក់រងរបួស។នៅថ្ងៃទីពីរនៃបាតុកម្ម មានមនុស្ស ៣៩នាក់រងរបួស ដោយការបាញ់ប្រហារពីកម្លាំងទាហានអុីស្រាអែល ។
អង្គការសហប្រជាជាតិបានកោះប្រជុំជាបន្ទាន់ស្តីពី ស្ថានភាពនៅតំបន់កាហ្សា ដោយអំពាវនាវដល់ភាគីពាក់ព័ន្ធ រក្សាការអត់ធ្មត់ ហើយ បើកការស្រាវជ្រាវ ដោយតម្លាភាព ពីការស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីន។
ប្រធានាធិបតីប៉ាឡេស្ទីន ម៉ាមូដ អាបាស បានចោទប្រកាន់អុីស្រាអែល ប្រើអំពើហឹង្សា ទៅលើក្រុមបាតុករសន្តិភាព នៅតាមព្រំដែន ហើយប្រកាសកាន់ទូក្ខទូទាំងប្រទេសពីការស្លាប់របស់ពលរដ្ឋ ដោយស្នាដៃទាហានអុីស្រាអែល។
ចំណែកនាយករដ្ឋមន្ត្រីអីស្រាអែល លោកណេតានយ៉ាហូ បាន សរសើរដល់កម្លាំងទាហាន អីស្រាអែល ដែលបាន ការពារដែនអធិបតេយ្យ និងសន្តិសុខជាតិបានយ៉ាងល្អ។ លោកណេតានយ៉ាហូបានប្រកាស ចោទប្រកាន់ក្រុមហាម៉ាស នៅពីក្រោយការធ្វើបាតុកម្មនៅកាហ្សា ។ កម្លាំងទាហានអីស្រាអែល នឹងមិនអនុញ្ញាត្តិឲ្យតំបន់ព្រំដែនក្លាយទៅជា តំបន់ ភេរវកម្មនោះឡើយ៕
ដោយ៖ មែវ សាធី