ភ្នំពេញ៖ លោកស្រី កុប ម៉ារីយ៉ះ រដ្ឋលេខាធិការក្រសួង កិច្ចការនារី និងតំណាងលោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ សិទ្ធិសេរីភាពខាង ជំនឿសាសនា និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ខណ កម្ពុជា មិនដែលមាន ជម្លោះខាងសាសនា អ្វីឡើយ ផ្ទុយទៅវិញពីគ្រប់ភាគី នៃជំនឿសាសនា បានរួបរួមគ្នាធ្វើការកសាងប្រទេសជាតិឲ្យ មានការរីកចម្រើន ប្រកបដោយ សុខដុម រមនានៅកម្ពុជា។ លោកស្រី កុប ម៉ារីយ៉ះ បានបញ្ជាក់ បែបនេះ ក្នុងពិធីចែកអំណោយសប្បុរសធម៌ជូន ពលរដ្ឋ និងសិស្សានុសិស្សឥស្លាមកម្ពុជា ដោយមានការចូលរួមពី គណៈ ប្រតិភូសមាគមនារីម៉ាឡេស៊ី នៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃអាទិត្យ ២រោច ខែចេត្រ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី០១ មេសា ឆ្នាំ២០១៨ ។
លោកស្រី កុប ម៉ារីយ៉ះ បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាពិតជាបានផ្តល់សិទ្ធិពេញលេញជូនពលរដ្ឋនៅក្នុងជំនឿសាសនា ថ្វីបើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ ដោយចុះ តែសាសនា ដទៃទៀតបានដំណើរការ សកម្មភាព របស់ខ្លួននៅក្នុងប្រទេសកម្ពុជាដោយគ្មានការ រារាំង ក្នុងនោះមានឥស្លាមសាសនា និងគ្រឹស្តសាសនាជាដើម ដោយកម្ពុជាមិនដែលមាន ជម្លោះខាងសាសនាអ្វីឡើយ ផ្ទុយទៅវិញពីគ្រប់ភាគីនៃជំនឿសាសនាបានរួបរួមគ្នាធ្វើការ កសាងប្រទេសជាតិអោយមានការរីកចំរើនជាបន្តបន្ទាប់។
លោកស្រី កុប ម៉ារីយ៉ះ បានជម្រាប់ជូនគណៈប្រតិភូនារីម៉ាឡេស៊ីថា ៖ តាមពិតទៅ គ្រប់សាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជា បានស្លាប់ព្រមគ្នានៅក្នុងរបបដឹកនាំរបស់ពួក ប៉ុល ពត តែក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ អ្វីៗត្រូវបាន រស់រានមានជីវិតឡើងវិញរហូតដល់ សព្វថ្ងៃនេះ។
ដូច្នេះ ក្នុងនាមតំណាងឲ្យរដ្ឋាភិបាលកម្ពុជា លោកស្រីសូមធ្វើការអំពាវនាវ ដល់ពលរដ្ឋខ្មែរទូទៅឲ្យ រួមគ្នាក្នុងការ ថែរក្សាសុខសន្តិភាព ដើម្បីបានជាការថែរក្សានូវរាល់សមិទ្ធផល ទាំងឡាយ ដែលកម្ពុជាសំរេច បានក្នុងរយៈពេលជិត ៤០ឆ្នាំនៃការ ផ្ដួលរំលំរបបឥតសាសនា ប៉ុល ពត នេះមក។
ក្នុងឱកាសនេះដែរ លោកស្រីកុប ម៉ារីយ៉ះ ក៏បានថ្លែង អំណរគុណចំពោះសមាគមនារីប្រទេសម៉ាឡេស៊ី ដែលថ្ងៃនេះបានចុះមក ដល់ទឹកដី នៃខេត្តត្បូងឃ្មុំ ដើម្បីជួបសំណេះសំណាលជាមួយសាសនិកឥស្លាមកម្ពុជា ព្រមទាំង បាន នាំយក អំណោយ ជាគ្រឿងឧបភោគ បរិភោគ មានអង្ករ ២តោន ត្រីខ ៥០កេស ទឹកត្រី៥០យួរ ទឹកសាអ៊ីវ ៥០យួរ ស្កសរ ១៥០គីឡូក្រាម និងថវិកាមួយចំនួនទៀត ដើម្បីយកមក ចែកជូនដល់ជនចាស់ជរា អ្នកខ្វះខាត ២៥០គ្រួ សារ នៅពីឃុំ កោងកាង ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ
ព្រមទាំងបានចែក ជាសម្ភារៈ សិក្សាដល់សិស្សានុសិស្សសាលា អាន់នៀកម៉ះ អ៊ីស្លាមីយ៉ះ ស្ថិតនៅភូមិពោធិ៏ឥន្ធ រួមនឹងការប្រកាសនូវ អំណោយ ការជីកអណ្តូងទឹកស្អាត ប្រភេទ ស្នប់ខ្នាតធំ ចំនួន៣៥អណ្តូងសម្រាប់ពលរដ្ឋក្នុងខេត្ត ត្បូងឃ្មុំនេះ បានប្រើប្រាស់ទៀតផង៕
ដោយ៖ សំរិទ្ធ