អ្នកជិះម៉ូតូល្មើសច្បាប់ចរាចរជាង១៥០គ្រឿងត្រូវនគរបាលខណ្ឌច្បារអំពៅចាប់ផាកពិន័យ

ចែករំលែក៖

 ភ្នំពេញៈ ក្នុងគោលដៅពង្រឹងច្បាប់ចរាចរអោយមានប្រសិទ្ធភាព  ម៉ូតូជាង១៥០គ្រឿងដែលអ្នកបើកបរល្មើសច្បាប់ចរាចរត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីធ្វើការផាកពិន័យទៅតាមគោលការណ៍ច្បាប់ចរាចរផ្លូវគោល យុទ្ធនាការនេះធ្វើឡើង៣ថ្ងៃជាប់ៗគ្នាគឺថ្ងៃទី៤_៥_៦ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ។

លោកឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារសណ្តាប់ធ្នាប់ចរាចរបានអោយដឹងថា  ចាប់តាំងពីក្រសួង មហាផ្ទៃដាក់ផែនការអោយអនុវត្តច្បាប់ចរាចរដោយចាប់អ្នកបើកបរណាដែល ល្មើសច្បាប់  មកដល់ ពេលនេះកម្លាំងនគរបាលចរាចរខណ្ឌនិងកម្លាំងនៅតាមប៉ុស្តិ៍រដ្ឋបាលបានអនុវត្តជាប្រចាំនៅតាមគោលដៅផ្សេងៗគ្នាដោយចាប់អ្នកបើកបរម៉ូតូណាដែលល្មើសច្បាប់ចរាចរ  តែដកហូតយកតែម៉ូតូបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីផាកពិន័យទៅតាមច្បាប់ ដោយឡែកអ្នកបើកបរម៉ូតូធ្វើការអប់រំណែនាំពីច្បាប់ចរាចរ អោយពួកគាត់បានយល់និងយកទៅផ្សព្វផ្សាយបន្តនៅមូលដ្ឋាន ។

លោកអធិការរងបានបន្តថា  រយៈពេល៣ថ្ងៃគឺថ្ងៃទី៤_៥_៦ ខែមេសា ឆ្នាំ២០១៨ នគរបាលចរាចរខណ្ឌចាប់ម៉ូតូដែលអ្នកបើកបរជិះល្មើសច្បាប់ចរាចរបានជាង១៥០គ្រឿង  ភាគច្រើនអ្នកបើកបរអត់ពាក់មួកសុវត្ថិភាព  ម៉ូតូអត់ដាក់កញ្ចក់  បើកបរបញ្ច្រាស់ទិសចរាចរ  ។  ចំពោះការផាកពិន័យគឺអនុវត្តទៅតាមគោលការណ៍ច្បាប់  អ្នកអត់ពាក់មួកសុវត្ថិភាពពន័យ១៥០០០រៀល  អត់ដាក់កញ្ចក់ពន័យ១៥០០០រៀល ចំណែកអ្នកជិះបញ្ច្រាស់ទិសចរាចរពិន័យ២៥០០០រៀល  ។

កន្លងមកកម្លាំងនគរបាលខណ្ឌបានចុះអនុវត្តច្បាប់ចរាចរស្ទើគ្របទីកន្លែង ដោយចាប់អ្នកបើកម៉ូតូល្មើសច្បាប់ចរាចរបានរាប់រយគ្រឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការផាកពិន័យ តែឥឡូវនេះលែងបញ្ជូនទៅកាន់ស្នងការដ្ឋានទៀត គឺតម្រូវអោយម្ចាស់ចូលខ្លួនមកផាកពិន័យនៅអធិការដ្ឋានវិញម្តង ។ ជាមួយគ្នានេះដែរសូមអំពាវនាវដល់អ្នកបើកបរម៉ូតូទាំងអស់ត្រូវពាក់មួក សុវត្ថិភាពអោយបានគ្រប់ៗគ្នាទាំងអ្នកបើកនិងអ្នករួមដំណើរជាមួយ    ទើបអាច បញ្ចៀសបានពីគ្រោះថ្នាក់ដល់ជីវិត  ចំពោះម៉ូតូវិញត្រូវមានស្លាកលេខ  មានកញ្ចក់  និងត្រូវបើកបរគោរពច្បាប់ចរាចរទាំងអស់គ្នា៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print