ខេត្តកណ្តាល: ដើម្បីចូលរួមចំណែក កាត់បន្ថយការកកស្ទះចរាចរណ៍ តាមផ្លូវគោក និងបង្កើនសុវត្ថិភាពចរាចរណ៍ដល់អ្នកធ្វើដំណើរ ចូល-ចេញ និងឆ្លងកាត់រាជធានីភ្នំពេញជារៀងរាល់ថ្ងៃនោះនៅព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុលបានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នាវាដឹកជញ្ជូនអ្នកដំណើរសាធារណៈ ព្រែកព្នៅ-តាខ្មៅ។ ពិធីនេះធ្វើឡើងនៅមាត់ទន្លេក្រុងតាខ្មៅដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើនផងដែរ។
ការដាក់សម្ភោធដំណើរកាសាល្បងនេះមាននាវាចំនួន៣គ្រឿង ហើយក្នុងមួយគ្រឿង អាចផ្ទុកមនុស្សបាន ប្រមាណជិត២០០នាក់ និងមានបំពាក់ដោយម៉ាស៊ីនត្រជាក់ផងដែរ ។ ដោយបើកដំណើការសាកល្បងដឹកបងប្អូនប្រជាពលរដ្ឋមិនគិតថ្លៃចាប់ពីថ្ងៃទី០៦ ខែមេសា រហូតដល់ថ្ងៃទី១ ខែសីហាឆ្នាំ២០១៨ ។
លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ សុខសន្តិភាពជាកត្តាសំខាន់បំផុត ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួបរួបគ្នា, សាមគ្គីភាពគ្នា ជួយការពារសុខសន្តិភាពឱ្យបានគង់វង្សស្ថិតស្ថេរជានិរន្តរ៍ ។
លោកស៊ុន ចាន់ថុល បានមានប្រសាសន៍បន្ថែមថា មានសុខសន្តិភាព ទើបយើងមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ, មានឱកាសទាក់ទាញអ្នកវិនិយោគ ឱ្យមកដាក់ទុននៅកម្ពុជា បង្កើតការងារជូនដល់បងប្អូនប្រជាពលរដ្ឋយើង និងមានឱកាសយកទំនិញកសិផលផ្សេងៗ យកទៅលក់នៅបរទេសបាន ។ ទាំងនេះ គឺ ដោយសារនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុន សែន ដែលបានធ្វើបង្រួបបង្រួមជាតិឯកភាពជាតិទឹកដី គ្មានតំបន់អប្បគមន៍ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពិតប្រាកដពេញផ្ទៃប្រទេស,មានការបោះឆ្នោតត្រឹមត្រូវតាមលក្ខណៈលទ្ធិប្រជាធិប្បតេយ្យសេរីពហុបក្ស, តម្លាភាព និងភាពយុត្តិធម៌ ។ ជាក់ស្តែងថ្ងៃនេះយើងបានសម្ភោធដាក់ឱ្យប្រើប្រាស់នាវាដឹកជញ្ជូនអ្នកដំណើរសាធារណៈ ព្រែកព្នៅ-តាខ្មៅ ដើម្បីចូលរួមចំណែក កាត់បន្ថយការកកស្ទះចរាចរណ៍ តាមផ្លូវគោក និងបង្កើនសុវត្ថិភាពចរាចរណ៍ដល់អ្នកធ្វើដំណើរ ចូល-ចេញ និងឆ្លងកាត់រាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។
ក្នុងឱកាសនោះដែរលោករដ្ឋមន្ត្រីស៊ុន ចាន់ថុល ក៏បានប្រកាសឱ្យប្រជាពលរដ្ឋជិះនាវាដឹកជញ្ជូនអ្នកដំណើរសាធារណៈ ព្រែកព្នៅ-តាខ្មៅ សាកល្បង ដោយមិនគិតថ្លៃចាប់ពីថ្ងៃទី០៦ ខែមេសា រហូតដល់ថ្ងៃទី១ ខែសីហាឆ្នាំ២០១៨ ៕ ស្អាងជ័យ
...