ភ្នំពេញៈ ក្នុងគោលដៅពង្រឹងច្បាប់ចរាចរអោយមានប្រសិទ្ធភាព ម៉ូតូជាង១៥០គ្រឿងដែលអ្នកបើកបរល្មើសច្បាប់ចរាចរត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីធ្វើការផាកពិន័យទៅតាមគោលការណ៍ច្បាប់ចរាចរផ្លូវគោល យុទ្ធនាការនេះធ្វើឡើង៣ថ្ងៃជាប់ៗគ្នាគឺថ្ងៃទី៤_៥_៦ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ។
លោកឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារសណ្តាប់ធ្នាប់ចរាចរបានអោយដឹងថា ចាប់តាំងពីក្រសួង មហាផ្ទៃដាក់ផែនការអោយអនុវត្តច្បាប់ចរាចរដោយចាប់អ្នកបើកបរណាដែល ល្មើសច្បាប់ មកដល់ ពេលនេះកម្លាំងនគរបាលចរាចរខណ្ឌនិងកម្លាំងនៅតាមប៉ុស្តិ៍រដ្ឋបាលបានអនុវត្តជាប្រចាំនៅតាមគោលដៅផ្សេងៗគ្នាដោយចាប់អ្នកបើកបរម៉ូតូណាដែលល្មើសច្បាប់ចរាចរ តែដកហូតយកតែម៉ូតូបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីផាកពិន័យទៅតាមច្បាប់ ដោយឡែកអ្នកបើកបរម៉ូតូធ្វើការអប់រំណែនាំពីច្បាប់ចរាចរ អោយពួកគាត់បានយល់និងយកទៅផ្សព្វផ្សាយបន្តនៅមូលដ្ឋាន ។
លោកអធិការរងបានបន្តថា រយៈពេល៣ថ្ងៃគឺថ្ងៃទី៤_៥_៦ ខែមេសា ឆ្នាំ២០១៨ នគរបាលចរាចរខណ្ឌចាប់ម៉ូតូដែលអ្នកបើកបរជិះល្មើសច្បាប់ចរាចរបានជាង១៥០គ្រឿង ភាគច្រើនអ្នកបើកបរអត់ពាក់មួកសុវត្ថិភាព ម៉ូតូអត់ដាក់កញ្ចក់ បើកបរបញ្ច្រាស់ទិសចរាចរ ។ ចំពោះការផាកពិន័យគឺអនុវត្តទៅតាមគោលការណ៍ច្បាប់ អ្នកអត់ពាក់មួកសុវត្ថិភាពពន័យ១៥០០០រៀល អត់ដាក់កញ្ចក់ពន័យ១៥០០០រៀល ចំណែកអ្នកជិះបញ្ច្រាស់ទិសចរាចរពិន័យ២៥០០០រៀល ។
កន្លងមកកម្លាំងនគរបាលខណ្ឌបានចុះអនុវត្តច្បាប់ចរាចរស្ទើគ្របទីកន្លែង ដោយចាប់អ្នកបើកម៉ូតូល្មើសច្បាប់ចរាចរបានរាប់រយគ្រឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការផាកពិន័យ តែឥឡូវនេះលែងបញ្ជូនទៅកាន់ស្នងការដ្ឋានទៀត គឺតម្រូវអោយម្ចាស់ចូលខ្លួនមកផាកពិន័យនៅអធិការដ្ឋានវិញម្តង ។ ជាមួយគ្នានេះដែរសូមអំពាវនាវដល់អ្នកបើកបរម៉ូតូទាំងអស់ត្រូវពាក់មួក សុវត្ថិភាពអោយបានគ្រប់ៗគ្នាទាំងអ្នកបើកនិងអ្នករួមដំណើរជាមួយ ទើបអាច បញ្ចៀសបានពីគ្រោះថ្នាក់ដល់ជីវិត ចំពោះម៉ូតូវិញត្រូវមានស្លាកលេខ មានកញ្ចក់ និងត្រូវបើកបរគោរពច្បាប់ចរាចរទាំងអស់គ្នា៕ សណ្តោស
...