រុ​ស្ស៊ី​ផ្អាក​រាល់​ការ​ហោះហើរ​ទៅ​កាន់​អេ​ហ្ស៊ី​ប

ចែករំលែក៖

​រដ្ឋាភិបាល​រុ​ស្ស៊ី​បាន​សម្រេច​ផ្អាក​រាល់​ការ​ហោះហើរ​ត្រង់​ទៅ​ត្រង់​មក​ជាមួយ​ប្រទេស​អេ​ហ្ស៊ី​ប​ ក្រោយ​ពី​មានការ​ព្រមាន​បំផ្ទុះ​គ្រាប់បែក​ ក៏​ដូច​ជា​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​កាលពី​ស​ប្តា​ហ៍​មុន​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ទាំងអស់​២២៤​នាក់​បាត់បង់​ជីវិត​នៅ​លើ​ទឹកដី​អេ​ហ្ស៊ី​ប​នោះ​រួច​មក​ ។​

rsses

​ជាមួយ​គ្នា​នេះ​ដែរ​ ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ បាន​ស្នើ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​រហូត​ដល់​៥០.០០០​នាក់​ដែល​បាន​និង​កំពុង​ធ្វើ​ទេសចរណ៍​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​នោះ​ធ្វើ​មាតុភូមិ​និវត្ត​វិញ​ ដូច​គ្នា​ចក្រភព​អង់គ្លេស​ មុន​នេះ​មួយ​ថ្ងៃ​ក៏​បាន​ធ្វើ​មាតុភូមិ​និវត្ត​ពលរដ្ឋ​របស់​ខ្លួន​ច្រើន​ពាន់​នាក់​ដែល​បាន​និង​កំពុង​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​នោះ​ផង​ដែរ​ ។​

​គ្រោះថ្នាក់​អាកាសចរណ៍​របស់​រុ​ស្ស៊ី​នៅ​អេ​ហ្ស៊ី​ប​នោះ​កើតឡើង​ដោយសារ​តែ​ការ​បំផ្ទុះ​គ្រាប់បែក​វាយប្រហារ​មួយ​របស់​ក្រុម​ឧទ្ទាម​ ។​ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​នានា​របស់​អន្តរជាតិ​ ។​ អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​បារាំង​ក៏​បាន​ប្រាប់​ប្រភព​ប៊ី​ប៊ី​ស៊ី​ដែរ​ថា​ យន្តហោះ​នោះ​គ្មាន​កំហុសឆ្គង​ខាង​បច្ចេកទេស​នោះ​ឡើយ​ ។​

​យន្តហោះ​ដឹក​អ្នកដំណើរ​ The​ Metrojet​ Airbus​ A321​ បាន​ចេញដំណើរ​ពី​តំបន់​រមណីយដ្ឋាន​អេ​ហ្ស៊ី​ប​ Sharm​ el-Sheikh​ ឆ្ពោះទៅ​កាន់​ទីក្រុង​ St​ Petersburg​ ប្រទេស​រុ​ស្ស៊ី​ ប៉ុន្តែ​ខណៈ​ហោះហើរ​មក​ដល់​តំបន់​ Sinai​ ក្នុង​ដែន​អធិបតេយ្យ​របស់​អេ​ហ្ស៊ី​ប​ និង​ជា​កន្លែង​សម្បូរ​ដោយ​ក្រុម​ឧទ្ទាម​រស់នៅ​នោះ​ យន្តហោះ​នេះ​ ស្រាប់តែ​ត្រូវ​ធ្លាក់​តែ​ម្តង​កាលពី​ថ្ងៃ​សៅរ៍​ ចុង​ស​ប្តា​ហ៍​មុន​ ។​ ជន​រង​គ្រោះ​ភាគច្រើន​ជា​ពលរដ្ឋ​រុ​ស្ស៊ី​ ។​

​ក្រុម​ឧទ្ទាម​ស្ថិត​នៅ​ក្នុង​តំបន់​ Sinai​ ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ នោះ​បាន​អះអាង​ថា​ ពួក​គេ​ជា​អ្នក​បាញ់​ទម្លាក់​យន្តហោះ​រុ​ស្ស៊ី​នេះ​ ប៉ុន្តែ​ទោះ​យ៉ាងណា​ ក្រុម​នេះ​មិន​បាន​ទម្លាយ​ឲ្យ​ដឹង​នោះ​ទេ​ថា​ តើ​មូលហេតុ​អ្វី​បានជា​បាញ់​ទម្លាក់​យន្តហោះ​នោះ​ ។​ ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ បាន​អំពាវនាវ​ក្រុម​ភេរវកម្ម​របស់​ខ្លួន​ធ្វើសង្គ្រាម​ប្រឆាំង​រុ​ស្ស៊ី​ និង​អា​មេ​រិ​ក​ ដោយសារ​តែ​សកម្មភាព​របស់​ប្រទេស​ទាំងនេះ​វាយប្រហារ​ពីលើ​ដែនអាកាស​នៅ​ក្នុង​ទឹកដី​ស៊ី​រី​ ។​

​ក្រុម​ស៊ើបការណ៍​សម្ងាត់​អង់គ្លេស​ចាប់​បានការ​ទំនាក់ទំនង​គ្នា​រវាង​ក្រុម​រដ្ឋ​ឧទ្ទាម​នៅ​ក្នុង​ឧបទ្វីប​ Sinai​ ដោយ​បាន​បញ្ជាក់​ថា​ បាន​បង្កប់​គ្រាប់បែក​ភ្លាមៗ​នៅ​មុន​ពេល​យន្តហោះ​នោះ​ចាកចេញ​ដំណើរ​ ។​ ទីភ្នាក់ងារ​ព័ត៌មាន​ AFP​ ស្រង់​សម្តី​មន្ត្រី​ស៊ើបអង្កេត​ប្រទេស​បារាំង​ស្តី​អំពី​គ្រោះថ្នាក់​មួយ​នេះ​បាន​បញ្ជាក់​ថា​ ទិន្នន័យ​ទាំងឡាយ​ដែល​ត្រូវ​ថតចម្លង​នៅ​មុន​ពេល​យន្តហោះ​ចាកចេញ​ដំណើរ​នោះ​គឺ​មាន​លក្ខណៈ​ប្រក្រតី​ គ្មាន​អ្វី​គួរ​ឲ្យ​ចម្លែក​នោះ​ឡើយ​ ។​

​ក្រោយ​ការ​ប្រកាស​ផ្អាក​ដំណើរការ​ហោះហើរ​ពី​រុ​ស្ស៊ី​ទៅ​កាន់​អេ​ហ្ស៊ី​ប​នេះ​ភ្លាម​ លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ បាន​ទូរស័ព្ទ​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​អេ​ហ្ស៊ី​ប​ Fattah​ al-Sisi​ ។​ តាម​វិមាន​ក្រឹម​ឡាំង​អះអាង​ថា​ មេដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​យល់ព្រម​បន្ត​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​លក្ខណៈ​វិជ្ជមាន​ ទៅ​លើ​សុវត្ថិភាព​នៅ​ក្នុង​ការ​ហោះហើរ​ ។​

​ចក្រភព​អង់គ្លេស​បាន​ប៉ាន់​ប្រមា​ន​ថា​ ពលរដ្ឋ​របស់​ខ្លួន​ប្រមាណ​១៩.០០០​នាក់​ទៀត​ ស្ថិត​នៅ​ក្នុង​តំបន់​ Sharm​ el-Sheikh​ នៅឡើយ​ មិន​ទាន់​ធ្វើ​មាតុភូមិ​និវត្ត​ ។​

​ចាប់តាំងពី​ពុធ​ ដើម​ស​ប្តា​ហ៍​កន្លង​មក​ប្រទេស​ជា​ច្រើន​ រួម​ជាមួយ​ចក្រភព​អង់គ្លេស​ផង​ដែរ​បាន​រឹត​បន្តឹង​ ក៏​ដូច​ណែនាំ​ដល់​ពលរដ្ឋ​របស់​ខ្លួន​កុំ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ Sharm​ el-Sheikh​ ទឹកដី​អេ​ហ្ស៊ី​ប​ ប្រសិនបើ​គ្មាន​ការ​ចាំបាច់​ទេ​នោះ​ ។​ ប្រទេស​បូ​ឡូញ​ ហ្វាំ​ង​ឡង់​ និង​អា​ល្លឺ​ម៉​ង់​ ក៏​បាន​ណែនាំ​ពលរដ្ឋ​របស់​ខ្លួន​ស្រ​ដៀង​គ្នា​នេះ​ដែរ​៕​

...

ប្រែសម្រួល​៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print