រដ្ឋាភិបាលរុស្ស៊ីបានសម្រេចផ្អាករាល់ការហោះហើរត្រង់ទៅត្រង់មកជាមួយប្រទេសអេហ្ស៊ីប ក្រោយពីមានការព្រមានបំផ្ទុះគ្រាប់បែក ក៏ដូចជាគ្រោះថ្នាក់ធ្លាក់យន្តហោះកាលពីសប្តាហ៍មុនដែលបានបណ្តាលឲ្យមនុស្សទាំងអស់២២៤នាក់បាត់បង់ជីវិតនៅលើទឹកដីអេហ្ស៊ីបនោះរួចមក ។
ជាមួយគ្នានេះដែរ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានស្នើឲ្យពលរដ្ឋរបស់ខ្លួនរហូតដល់៥០.០០០នាក់ដែលបាននិងកំពុងធ្វើទេសចរណ៍នៅប្រទេសអេហ្ស៊ីបនោះធ្វើមាតុភូមិនិវត្តវិញ ដូចគ្នាចក្រភពអង់គ្លេស មុននេះមួយថ្ងៃក៏បានធ្វើមាតុភូមិនិវត្តពលរដ្ឋរបស់ខ្លួនច្រើនពាន់នាក់ដែលបាននិងកំពុងធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសអេហ្ស៊ីបនោះផងដែរ ។
គ្រោះថ្នាក់អាកាសចរណ៍របស់រុស្ស៊ីនៅអេហ្ស៊ីបនោះកើតឡើងដោយសារតែការបំផ្ទុះគ្រាប់បែកវាយប្រហារមួយរបស់ក្រុមឧទ្ទាម ។ នេះបើតាមប្រភពព័ត៌មាននានារបស់អន្តរជាតិ ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលបារាំងក៏បានប្រាប់ប្រភពប៊ីប៊ីស៊ីដែរថា យន្តហោះនោះគ្មានកំហុសឆ្គងខាងបច្ចេកទេសនោះឡើយ ។
យន្តហោះដឹកអ្នកដំណើរ The Metrojet Airbus A321 បានចេញដំណើរពីតំបន់រមណីយដ្ឋានអេហ្ស៊ីប Sharm el-Sheikh ឆ្ពោះទៅកាន់ទីក្រុង St Petersburg ប្រទេសរុស្ស៊ី ប៉ុន្តែខណៈហោះហើរមកដល់តំបន់ Sinai ក្នុងដែនអធិបតេយ្យរបស់អេហ្ស៊ីប និងជាកន្លែងសម្បូរដោយក្រុមឧទ្ទាមរស់នៅនោះ យន្តហោះនេះ ស្រាប់តែត្រូវធ្លាក់តែម្តងកាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុន ។ ជនរងគ្រោះភាគច្រើនជាពលរដ្ឋរុស្ស៊ី ។
ក្រុមឧទ្ទាមស្ថិតនៅក្នុងតំបន់ Sinai ដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអិស្លាម IS នោះបានអះអាងថា ពួកគេជាអ្នកបាញ់ទម្លាក់យន្តហោះរុស្ស៊ីនេះ ប៉ុន្តែទោះយ៉ាងណា ក្រុមនេះមិនបានទម្លាយឲ្យដឹងនោះទេថា តើមូលហេតុអ្វីបានជាបាញ់ទម្លាក់យន្តហោះនោះ ។ ក្រុមរដ្ឋអិស្លាម IS បានអំពាវនាវក្រុមភេរវកម្មរបស់ខ្លួនធ្វើសង្គ្រាមប្រឆាំងរុស្ស៊ី និងអាមេរិក ដោយសារតែសកម្មភាពរបស់ប្រទេសទាំងនេះវាយប្រហារពីលើដែនអាកាសនៅក្នុងទឹកដីស៊ីរី ។
ក្រុមស៊ើបការណ៍សម្ងាត់អង់គ្លេសចាប់បានការទំនាក់ទំនងគ្នារវាងក្រុមរដ្ឋឧទ្ទាមនៅក្នុងឧបទ្វីប Sinai ដោយបានបញ្ជាក់ថា បានបង្កប់គ្រាប់បែកភ្លាមៗនៅមុនពេលយន្តហោះនោះចាកចេញដំណើរ ។ ទីភ្នាក់ងារព័ត៌មាន AFP ស្រង់សម្តីមន្ត្រីស៊ើបអង្កេតប្រទេសបារាំងស្តីអំពីគ្រោះថ្នាក់មួយនេះបានបញ្ជាក់ថា ទិន្នន័យទាំងឡាយដែលត្រូវថតចម្លងនៅមុនពេលយន្តហោះចាកចេញដំណើរនោះគឺមានលក្ខណៈប្រក្រតី គ្មានអ្វីគួរឲ្យចម្លែកនោះឡើយ ។
ក្រោយការប្រកាសផ្អាកដំណើរការហោះហើរពីរុស្ស៊ីទៅកាន់អេហ្ស៊ីបនេះភ្លាម លោកវ្ល៉ាឌីមៀរ ពូទីន បានទូរស័ព្ទសន្ទនាជាមួយលោកប្រធានាធិបតីអេហ្ស៊ីប Fattah al-Sisi ។ តាមវិមានក្រឹមឡាំងអះអាងថា មេដឹកនាំប្រទេសទាំងពីរបានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការប្រកបដោយលក្ខណៈវិជ្ជមាន ទៅលើសុវត្ថិភាពនៅក្នុងការហោះហើរ ។
ចក្រភពអង់គ្លេសបានប៉ាន់ប្រមានថា ពលរដ្ឋរបស់ខ្លួនប្រមាណ១៩.០០០នាក់ទៀត ស្ថិតនៅក្នុងតំបន់ Sharm el-Sheikh នៅឡើយ មិនទាន់ធ្វើមាតុភូមិនិវត្ត ។
ចាប់តាំងពីពុធ ដើមសប្តាហ៍កន្លងមកប្រទេសជាច្រើន រួមជាមួយចក្រភពអង់គ្លេសផងដែរបានរឹតបន្តឹង ក៏ដូចណែនាំដល់ពលរដ្ឋរបស់ខ្លួនកុំធ្វើដំណើរទៅកាន់តំបន់ Sharm el-Sheikh ទឹកដីអេហ្ស៊ីប ប្រសិនបើគ្មានការចាំបាច់ទេនោះ ។ ប្រទេសបូឡូញ ហ្វាំងឡង់ និងអាល្លឺម៉ង់ ក៏បានណែនាំពលរដ្ឋរបស់ខ្លួនស្រដៀងគ្នានេះដែរ៕
ប្រែសម្រួល៖ ថាច់ យ៉ាត