(ពោធិសាត់)៖ លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អមដំណើរដោយនាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង ប្រធានសមរភូមិមុខ ទិសយោធភូមិភាគទី៤ នៅថ្ងៃទី៧ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានបន្តនាំយកអាវរងា ជូនដល់កងកម្លាំងជួរមុខ នៅទិសយោធភូមិភាគទី៥ របស់កងពលតូចលេខ១៤ ។
លោក គឹម សេងងន មេបញ្ជាការកងពលតូចថ្មើរជើងលេខ១៤ តំណាងកងកម្លាំងប្រដាប់អាវុធ ជួរមុខទាំងអស់ មានការសប្បាយរីករាយ ថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភអាវរងា ដល់កងកម្លាំងជួរមុខសំរាប់ត្រៀម មុនពេលរដូវរងាមកដល់។ ជាមួយនោះ លោកមេបញ្ជាការបានប្តេជ្ញាដាច់ខាតអនុវត្ត ភារកិច្ចការពារជាតិ ការពារបូរណ ភាពទឹកដី ប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលដឹកនាំដោយសម្តេច តេជោ ហ៊ុន សែន និងថ្កោលទោសប្រឆាំង ដាច់អហង្ការនូវទង្វើរបស់ជនទុច្ចរិតនិង ជនអគតិទាំងឡាយ ដែលតែងតែប្រឌិត មូលបង្កាច់ប្រជាភិថុតិ ក្នុងចេតនាអាក្រក់ផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា។
លោកនាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំនូវបណ្តាំផ្ញើ សាកសួរសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ផ្ញើ ជូនចំពោះកងទ័ព កងនគរបាលជួរមុខកំពុងឈរជើង ការពារទឹកដីតាមបន្ទាត់ព្រំដែន ដែលកន្លងមកបានធ្វើពលីកម្ម គ្រប់បែបយ៉ាង អនុវត្តបានម៉ឺងម៉ាត់នូវបទបញ្ជា របស់សម្តេច ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ក្នុងសិទ្ធិស្វ័យការពារបូរណភាពទឹកដី។ ពិតមែនតែស្ថានការណ៍ព្រំដែនបច្ចុប្បន្ន មានភាពធូរស្រាលមួយចំនួនហើយ តែជំហរសម្តេចតេជោនៅតែចង់ បានព្រំដែនមានសន្តិភាព មានកិច្ចសហ ប្រតិបត្តិការល្អ មានការអភិវឌ្ឍន៍ថែមទៀត ដើម្បីប្រជាជនព្រំដែន បានរស់នៅសុខសាន្ត សុខដុមរម្យនា៕