ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចចម្រុះរួមមានជំនាញរដ្ឋបាលជលផល សហគមន៍នេសាទ នគរបាល យោធា ចុះបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រស្រុកក្រគរ ។
ប្រភពពីកងកម្លាំងខាងលើបានឱ្យដឹងថា ប្រតិបត្ដិការនេះប្រព្រឹត្តឡើងកាលពីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចកោះរបាំងយួន ស្ថិតក្នុងភូមិអូរតាប្រុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ លទ្ធផលក្នុងការបង្ក្រាបបានរួមមាន៖ បរ ៣ខ្សែ ប្រវែង ២៨០ម៉ែត្រ បង្គោលចំរឹង ២២០ដើម ក្បាលបរ ចំនួន ៦គ្រឿង ចាក់លែងត្រីចម្រុះចំនួន ២គីឡូក្រាម ។
ប្រភពបន្តថា នៅព្រឹកថ្ងៃទី០៦ ខែឆ្នាំដដែល កម្លាំងចុះអនុវត្តន៍បន្ដនៅចំណុចបឹងរុន ស្ថិតក្នុងភូមិដងទឹកលាច ឃុំត្នោតជុំ ស្រុកក្រគរ ក្នុងនោះកម្លាំងធ្វើការ បង្ក្រាបបានរួមមាន របាំងសាច់អួនដាក់កាត់អូរ ២ កន្លែង មានប្រវែង ១០០ម៉ែត្រ ព្រួល ១០ដុំ ប្រវែង ៤០ម៉ែត្រ បង្គោល ៥០ដើម លូកងស្បៃមុង ៤មាត់ ទ្រូ ៣គ្រឿង ចាក់លែងត្រីចម្រុះ ២០គីឡូក្រាមដែរ ។
ប្រភពបន្ដទៀតថា លទ្ធផលក្នុងការបង្ក្រាប វត្ថុតាងកម្លាំងបានបំផ្លិចបំផ្លាញចោលនៅនឹងកន្លែង ៕
ដោយ៖ ប៉ឹម ពិន