់បន្ទាយមានជ័យ៖ លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ បានដឹកនាំក្រុមការងារក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងកងកម្លាំងប្រដាប់អាវុធនៃស្រុកព្រះនេត្រព្រះ ចុះអន្តរាគមន៍បូមទឹកជូនប្រជាពលរដ្ឋ ក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពដំណាំស្រូវ ។
លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ឃុំឈ្នួរមានជ័យ គឺជាឃុំមួយដែលទទួលបានទឹកភ្លៀងតិចតួចបំផុត នាចុងរដូវវស្សានេះ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋក្នុងឃុំទាំងមូល ជួបនូវការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ និងស្រោចស្រពដំណាំស្រូវវស្សាដែលទើបនឹងបង្កបង្កើនផលប្រមាណជាង ៦០០ ហិកតា ។ ឆ្លើយតបនឹងបញ្ហានេះ ក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានរៀបចំតម្លើងម៉ាស៊ីនខ្នាតមធ្យម (៦៥សេះ) ចំនួន ០១ គ្រឿង និងផ្តល់ប្រេងជូនប្រជាកសិករសម្រាប់ដំណើរម៉ាស៊ីនខ្នាតតូចដែលមាននៅនឹងកន្លែងស្រាប់ ចំនួន ០៥ គ្រឿងទៀត ដើម្បីបូមយកទឹកពីបឹងឈូក និងបឹងអូរម្កាក់ បញ្ចូនតាមប្រឡាយមួយខ្សែដែលមានប្រវែងប្រមាណ ៥.០០០ ម៉ែត្រ មកកាន់តំបន់នេះ ។
លោកប្រធាននាយកដ្ឋាន បានបន្តថា ដោយមានការចូលរួមសហការយ៉ាងពេញដៃពេញជើងពីសំណាក់កងកម្លាំងប្រដាប់អាវុធនៃស្រុកព្រះនេត្រព្រះ និងប្រជាពលរដ្ឋផ្ទាល់ ធ្វើឱ្យការងារបូម និងនាំទឹកមកកាន់តំបន់នេះ ប្រព្រឹត្តិទៅបានយ៉ាងរលូន និងឆាប់រហ័ស ។ លោកបន្តថា មកដល់ពេលនេះ ប្រជាពលរដ្ឋក្នុងឃុំឈ្នួរមានជ័យ បាន និងកំពុងបូមទឹកបន្តពីប្រឡាយមកបញ្ចូលក្នុងស្រះទុកសម្រាប់ប្រើប្រាស់ និងស្រោចស្រពដំណាំស្រូវ ៕