ខេត្តព្រះវិហារ៖ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នាព្រឹក ថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៥ បានធ្វើពិធីប្រារព្ធខួបលើកទី៦២ឆ្នាំ នៃថ្ងៃ បង្កើត កងយោធពលខេមរភូមិន្ទ(៩-វិច្ឆិកា-១៩៥៣៩-វិច្ឆិកា-២០១៥) ស្ថិតក្រោម អធិបតីភាព លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ។
ក្នុងខ្លឹមសារជីវប្រវត្តិរបស់កងយោធពលខេមរភូមិន្ទនាយឧត្តមសេនីយ៍ ជា តារា គណៈបញ្ជាការសមរភូមិទិសទី៤ បានឲ្យដឹងថា៖ ការប្រារព្ធពិធីនេះឡើង ដើម្បីឧទ្ទិសដល់ថ្ងៃទី៩ វិច្ឆិកា ទិវាជាប្រវត្តិសាស្ត្រនេះ ជារៀងរាល់ឆ្នាំកងយោធពលខេមរភូមិន្ទតែងតែ ប្រារព្វ ពិធីមិទ្ទិងខួបអនុស្សាវរីយ៍ដើម្បី រំលឹកឡើងវិញនូវប្រពៃណីដ៏ល្អ ផូរផង់ គំរូវីរភាពដ៏អង់អាចក្លាហាន និងស្មារតីពលិកម្មដ៏ធំធេង របស់យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិជំនាន់មុន ដែលបានធ្វើពលិកម្មក្នុងបុព្វហេតុតស៊ូប្រឆាំងសត្រូវឈ្លានពានដណ្តើមឯករាជ្យ ជូនជាតិមាតុភូមិ ព្រមទាំងស្នាដៃក្នុងការរួមចំណែកកសាងអភិវឌ្ឍន៍ ប្រទេស នៅគ្រប់ដំណាក់ កាលនៃប្រវត្តិសាស្ត្រសង្គមជាតិ ។
លោក នាយឧត្តមសេនីយ៍ គន់ គីម បានមានប្រសាសន៍ថា ព្រឹត្តិការណ៏ ជាប្រវត្តិសាស្ត្រនេះ ពិតជាបង្កប់នូវអត្ថន័យជ្រាលជ្រៅ ដែលកងយោធពលខេមរភូមិន្ទ បានខិតខំពុះពារនិងសម្រេចបានជោគជ័យ ជាបន្តបន្ទាប់ ក៏ដូចជាផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ៥ ឆ្នាំ ដំណាក់កាលទី៤(២០១៥-២០១៩)។
ក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងគោរពដោយស្មោះអស់ពីដួងចិត្តមិនអាចបំភ្លេចបានចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានដឹកនាំថែបំប៉ន ផ្សារភ្ជាប់ជានិច្ចជាមួយជីវិតកងទ័ព គិតគូរ និងជួយឧបត្ថម្ភគាំទ្រដល់កងទ័ពគ្រប់ពេលវេលា ធ្វើឲ្យកងយោធពលខេមរភូមិន្ទ មានការវិវឌ្ឍរីកចម្រើនរឹងមាំយ៉ាងឆាប់រហ័ស មានជីវភាពរស់នៅសមរម្យ មានលទ្ធភាពគ្រប់គ្រាន់ សម្រេចរាល់ភារកិច្ចដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិនៃយើង ។
ជាមួយនោះ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័នជាតិ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាជនទូទាំងប្រទេស ដែលបានផ្គត់ផ្គង់គាំទ្រជានិច្ចដល់បេសកកម្មរបស់កងយោធពលខេមរភូមិន្ទ ពិសេសក្នុងកាលៈទេសៈដែលកងយោធពលខេមរភូមិន្ទ កំពុងត្រៀមប្រយុទ្ធប្រយុទ្ធការពារបូរណភាពទឹកដី អធិបតេយ្យភាព និងខ្សែបន្ទាត់ព្រំដែនភាគខាងលិចនៃមាតុភូមិ ៕