ខេត្តស្វាយរៀង:យ៉ាងហោចណាស់បុរស៣នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់រវាងម៉ូតូមិនប្រកាន់ស្ដាំបុកជាមួយម៉ូតូកង់បីទិសដៅបញ្រាស់គ្នាពេញទំហឹងលាន់សូរដូចរន្ទះបាញ់កាល ពីវេលាម៉ោង១១ និង២០នាទីព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០១៨លើផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចភូមិព្រែករមៀតឃុំជ្រៃធំស្រុករមាសហែកខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានអោយកាសែតនគរវត្តដឹងថាអ្នកបើកម៉ូតូបង្កហេតុមានឈ្មោះប្រុញ ចន្ថនអាយុ១៩ឆ្នាំ មុខរបរកសិករ និងអ្នករួមដំណើរឈ្មោះរៃ ញានភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ អ្នកទាំង២រស់នៅ
នៅភូមិជីកដីឃុំអណ្ដូងត្របែកស្រុករមាសហែកដោយជិះម៉ូតូម៉ាកYAMAHAពណ៍ខ្មៅលាយក្រហមគ្មានស្លាកលេខខូចខាតយ៉ាងដំណំ។ ចំណែកជនរងគ្រោះម្ចាស់ម៉ូតូកង់បីមានឈ្មោះឡេ ភឿង អាយុ៥១ឆ្នាំ មុខរបរលក់ដូ រស់នៅភូមិចេកមាសឃុំបៀនយឺយស្រុកចូវថាញ់ខេត្តតៃនិញប្រទេសវៀតណាមចំពោះម៉ូតូកង់បីម៉ាកDayunC150ពណ៍ក្រហម
គ្មានស្លាកលេខ។
តាមប្រភពអ្នកភូមិដែលឃើញហេតុការណ៏និងភ្នែកបានអោយដឹងថាមុនដំបូងឃើញបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកYAMOHAស៊ីរូសគ្មានស្លាកលេខដោយធ្វើដំណើរពីទិសខាងត្បូងទៅជើង
មិនប្រកាន់ស្ដាំស្រាប់តែទៅបុកនិងម៉ូតូកង់បីរដែលជិះពីទិសខាងជើងមកត្បូងបញ្រាស់គ្នាក៏ប្រលះយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏ភ្លាមផងដែរ។
ក្រោយមកសមត្ថកិច្ចបានបញ្ជូនបុរសទាំង៣នាក់មកកាន់មន្ទីពេទ្យបង្អែកខេត្តស្វាយរៀងនិងធ្វើការវាស់វែងអូសយកវត្ថុតាងម៉ូតូនិងម៉ូតូកង់បីមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករមាសហែកចាត់ការបន្តតាមច្បាប់ ៕