ខេត្តកណ្តាល៖ បុរសម្នាក់បានឆ្លងទូកដរពីភ្នំពេញឆ្ពោះទៅស្រុកល្វាឯមខេត្តកណ្តាល ហើយបានធ្វើសកម្មភាពលួចកង់របស់ប្រជាពលរដ្ឋនៅឃុំអរិយក្សត្រ ក៏ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនសួរនាំបែកធ្លាយដល់រឿងលួចម៉ូតូកន្លងមកនៅឃុំសារិកាកែវ ស្រុកល្វាឯម ដដែលនោះ ។
ក្រោយពីបានចម្លើយសារភាព សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅយកម៉ូតូជនរងគ្រោះនៅកន្លែងផ្ញើម៉ូតូ ស្ថិតនៅខាងមុខព្រះបុរមរាជវាំង ឯរាជធានីភ្នំពេញ ។ ករណីលួចកង់នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចខាងមុខផ្ទះ ឈ្មោះ ពូន ជាជាងកាត់សម្លៀកបំពាក់ ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ។
ជនសង្ស័យមានឈ្មោះ បូ សុភា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកម្មករសំណង់ មានទីលំនៅក្នុងភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ។ ចំណែកឯជនរងគ្រោះជាម្ចាស់កង់នោះមានឈ្មោះ សុន សុខសាន ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្ស មានទីលំនៅក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ។ ដោយឡែកម៉ូតូមួយគ្រឿងដែលត្រូវបានជនសង្ស័យលួចនាពេលកន្លងមកនោះម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ កណ្តាល1I-6312 ។ ម៉ូតូមួយគ្រឿងនេះត្រូវបានជនសង្ស័យកែឆ្នៃស្លាកលេខទៅជា(កណ្តាល1R-8312) ។
មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា នៅមុនពេលកើតហេតុកុមារីរងគ្រោះបានជិះកង់យកទៅទុកខាងមុខផ្ទះឈ្មោះ ពូន ជាជាងកាត់សម្លៀកបំពាក់ រួចក៏ចូលទៅដេរប៉ាក់នៅក្នុងផ្ទះឈ្មោះ ពូន បាត់ទៅ ។ មួយសន្ទុះក្រោយមកទើបដឹងថាបាត់កង់ក៏នាំគ្នាតាមស្វែងរក ខណៈតាមដល់ទូកដរអរិយក្សត្រក៏បានប្រទះឃើញជនសង្ស័យខាងលើនេះកំពុងជិះកង់ក្មេងស្រីរងគ្រោះឡើងទូក ។ ភ្លាមៗនោះប្រជាពលរដ្ឋព្រមទាំងម្ចាស់កង់បានប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីធ្វើការសាកសួរតាមជំនាញ រហូតបែកធ្លាយដល់រឿងលួចម៉ូតូមួយគ្រឿងទៀត ។ ប្រភពដដែលបានបន្តថា បន្ទាប់ពីបានចម្លើយសារភាពសមត្ថកិច្ចនគរបាលជំនាញយុត្តិធម៌ស្រុកបាននាំខ្លួនជនសង្ស័យទៅយកម៉ូតូនៅកន្លែងផ្ញើម៉ូតូ ស្ថិតនៅខាងមុខព្រះបុរមរាជវាំង ឯរាជធានីភ្នំពេញ ។
ជនសង្ស័យបានសារភាពថា នៅមុនពេលចាប់ខ្លួនរូបគេបានជិះកង់មួយគ្រឿងយកទៅផ្ញើ នៅកន្លែងផ្ញើកង់-ម៉ូតូ ស្ថិតនៅខាងមុខព្រះបុរមរាជវាំង ឯរាជធានីភ្នំពេញ រួចដើរឆ្លងដរឆ្ពោះទៅឃុំអរិយក្សត្រ ស្រុកល្វាឯម ដើម្បីដើររកលួចកង់និងម៉ូតូរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ។ ពេលកំពុងដើរក៏បានប្រទះឃើញកង់មួយគ្រឿងទុកនៅខាងមុខផ្ទះគ្មានមនុស្សនៅ ក៏ចូលទៅលួចជិះចេញពីមុខផ្ទះគោលបំណងឆ្ពោះទៅភ្នំពេញវិញ ខណៈជិះដល់លើទូកដរក៏ត្រូវបានម្ចាស់កង់តាមទាន់ប្តឹងសមត្ថកិច្ចនគរបាលឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនតែម្តង ។ ជនសង្ស័យបានសារភាពទៀតថា កាលពីអំឡុងតែតុលា ឆ្នាំ២០១៥ រូបគេបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ កណ្តាល1I-6312 របស់ប្រជាពលរដ្ឋស្ថិតក្នុងភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ។ ក្រោយពីលួចបានហើយខ្លួនបានយកថ្នាំពណ៌ខៀវកែច្នៃស្លាកលេខម៉ូតូមួយគ្រឿងនេះទៅជា(កណ្តាល1R-8312) ទើបយកទៅដាក់ផ្ញើនៅនៅកន្លែងផ្ញើម៉ូតូ ស្ថិតនៅខាងមុខព្រះបុរមរាជវាំង ឯរាជធានីភ្នំពេញ ។
អធិការនគរបាលស្រុកល្វាឯមលោកវរសេនីយ៍ទោ ជា ថុល បានបញ្ជាក់ថា ករណីខាងលើនេះលោកបានបញ្ជាឲ្យកម្លាំងជំនាញកសាងសំណុំរឿងពីបទលួច ដើម្បីបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ